ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលក្ខណៈឌឺដង ទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ពេលមានសុខរួមសុខ ប៉ុន្តែពេលមានទុក្ខ រត់ចោលប្រជាពលរដ្ឋបាត់អស់រលីង សូម្បីតែពាក្យមួយមាត់ សម្ដែងមរណទុក្ខនិងការសោកស្ដាយ ចំពោះការលិចលង់ក៏មិនបាននិយាយផង ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជារហូតមក នៅតែបន្តប្រពៃណីនេះ។
ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា “គណបក្សប្រជាជន គឺជាគណបក្សរួមទាំងសុខ ហើយរួមទាំងទុក្ខ ពាក្យខ្មែរគេបានភ្ជាប់គ្នាថា រួមសុខរួមទុក្ខ ក៏ប៉ុន្តែអ្នកខ្លះ រួមតែជាមួយពេលមានសុខទេ ពេលមានទុក្ខរត់ប្រុចចោលយើងអស់ សូម្បីតែពាក្យមួយមាត់សម្ដែងនូវមរណទុក្ខ សម្ដែងនូវការសោកស្ដាយ ចំពោះការលិចលង់ ក៏គេមិនបាននិយាយផង ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាជនរបស់យើង ក្រោយរបបប៉ុល ពត ជាង៣០ឆ្នាំ នៅតែបន្តប្រពៃណីនេះទៀត”៕