ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ជាឲ្យក្រសួង៤ ចុះប្រតិបត្តិការ ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយជំនន់ទឹកភ្លៀងស្រក (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឱ្យក្រសួងចំនួន៤ ក្នុងនោះរួមមានក្រសួងសាធារណការនិងដឹកជញ្ជួន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះប្រតិបត្តិការ ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ អោយបានឆាប់រហ័ស ក្រោយជំនន់ទឹកភ្លៀងស្រក ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុង ខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណប កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សភាពការណ៍មិនធម្មតា នីតិវិធីក៏មិនធម្មតា កុំរង់ចាំមន្ទីរកសិកម្មក្ដី អភិវឌ្ឍន៍ជនបទក្ដី ធនធានទឹកក្ដី សាធារណការក្ដី វាយតម្លៃពីក្រោម ឥលូវនឹងតាមក្រសួងនីមួយៗ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ច្រើនណាស់! ចុះទៅ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះទៅជាមួយ ទៅធ្វើការជាមួយខេត្ត និងមូលដ្ឋាន កុំបង្អង់យូទឹកស្រកភ្លាម ចាប់ផ្ដើមភ្លាមជួសជុលភ្លាមកមទុកយូ»។

តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានបច្ចេកទេស សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានីខេត្ត និងអង្គភាពវិស្វកម្ម ស្តីពីស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កម្ពុជាគិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ មានខេត្តចំនួន២៤ រាជធានីខេត្ត ដែលទទួលរងនូវការជន់លិច ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ សៀមរាប រតនគិរី រាជធានីភ្នំពេញ កំពង់ចាម កំពត តាកែវ ស្វាយរៀង ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ដោយឡែកខេត្តចំនួនមួយគឺខេត្តក្រចេះ មិនទាន់មានរងផលប៉ះពាល់នៅឡើយទេ ៕

https://www.facebook.com/dapnewsfb/videos/961376384357958/

To Top