ព័ត៌មានជាតិ

កម្ពុជា-ហុងគ្រី កំពុងរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ ទៅកាន់ហុងគ្រីក្នុងពេលដ៏ខ្លីខាងមុខនេះ


ភ្នំពេញ៖ ភាគីកម្ពុជា-ហុងគ្រី បាននិងកំពុងរៀបចំ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសហុងគ្រី នៅឆមាសទី២ នៃឆ្នាំ២០២១ ឬឆមាសទី១ នៃឆ្នាំ២០២២ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី នាព្រឹកថ្ងៃទី៣ វិច្ឆិកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសហុងគ្រី នាខណៈពេលនៃ ការរីករាលដាលនៃជំងឺរាតត្បាត និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច-សង្គម ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់លោករដ្ឋមន្ត្រី ក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ របស់ប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីថា ពិតណាស់ កម្ពុជាក៏មានការប្តេជ្ញាចិត្ត ដូចគ្នានេះដែរ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅទីក្រុងប៊ុលដាប៉េសចំនួន ២ដង និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Janos Ader ប្រធានាធិបតីហុងគ្រី មកកាន់រាជធានីភ្នំពេញកាលពីឆ្នាំមុន ការបើកការិយាល័យតំណាង ស្ថានទូតហុងគ្រីនៅភ្នំពេញ និងការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៣ លើវិស័យគ្រប់គ្រងទឹក កសិកម្ម និងសេវាកម្មអាកាស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាសក្ខីភាពដែលបានកើតចេញពី ការប្តេជ្ញាចិត្តរួមគ្នាខាងលើ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងពីរនាក់ពិតជាមាន សេចក្តីសោមនស្សរីករាយ ចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។

កម្ពុជាបានពិនិត្យឡើងវិញ នូវការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខា ក៏ដូចជាយន្តការនានា ដែលបានឯកភាពគ្នាកន្លងមក ដែលក្នុងនោះរួមមាន គណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការ របស់យើងក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសយើងទាំងពីរតែងឈរលើ គោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យកជំហរ ក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ហុងគ្រីគឺ ជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា ។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលប្រទេសយើង កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាម នៃរបបខ្មែរក្រហម។
ទ័ពមួកខៀវហុងគ្រីបានបញ្ជូនមកកម្ពុជា ក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

ជំហររបស់ហុងគ្រីលើការ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្ត ដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា «ភាគីទាំងពីរកំពុងត្រៀមរៀបចំ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសហុងគ្រីនាឆមាសទី២ នៃឆ្នាំ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ២០២២ ដែលព្រះរាជដំណើរនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត របស់យើងនៅឆ្នាំក្រោយ» ៕

ដោយ៖ ខា ដា

To Top