ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារ ជាតិបានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថារយៈពេល១៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបញ្ជូនកង ទ័ពមួកខៀវរបស់ខ្លួនចំនួន ៧១២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសចំនួន៩ ដែលកំពុងតែហែកហួរដោយ សារតែភ្លើងសង្គ្រាមស៊ីវិល គឺ ចាប់ពីឆ្នាំ២០០៦ រហូតមកឆ្នាំ២០២០នេះ។នេះបើយោងតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបន្ថែមថាប្រទេសកម្ពុជា បានឈរនៅលំដាប់ទី២នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ក្នុងបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់បន្ថែមទៀតយ៉ាងដូច្នេះថា៖ «ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជា បានបញ្ជូនកងថែរក្សាសន្តិភាពចំនួន ៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅក្នុងប្រទេសចំនួន ៩ ជាពិសេសនៅទ្វីបអាហ្វ្រិកដែលប្រទេសទាំងនោះ កំពុងហែកហួរដោយសង្គ្រាម» ។
បច្ចុប្បន្ននេះ កម្លាំងទ័ពមួកខៀវកម្ពុជា បាននិងកំពុងបំពេញ បេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជា ជាតិ នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, សាធារណរដ្ឋស៊ូដង់ខាងត្បូង, ប្រទេសម៉ាលី និងអាហ្វ្រិកកណ្តាល និងមានចំនួន ០៥កង សរុបចំនួន ៧៧៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧៥នាក់។
ក្នុងរយៈពេល១៤ឆ្នាំ នៃបេសកកម្មរបស់ខ្លួនកងទ័ពមួកខៀវកម្ពុជាចំនួន ១០នាក់ បានពលីជីវិត ក្នុងនោះនៅប្រទេសម៉ាលី ចំនួន០៥នាក់ (ពលីដោយសារ ជំងឺកូវីដ-១៩ ចំនួន ១នាក់ ) និងប្រទេសអាហ្វ្រិកកណ្តាល ០៥នាក់។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមិនដកកងកម្លាំងរក្សាសន្តិភាព ចេញពីប្រទេសដែល កំពុងរងគ្រោះឡើយ ហើយកម្ពុជារក្សាជំហរបញ្ជូនបន្ថែមឱ្យកាន់តែច្រើនទៀតផងដែរ។
សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសក្រនៅក្នុងអាស៊ានតែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិក្នុងសកម្មភាពមនុស្ស ធម៌តាមរយៈកងទ័ពមួកខៀវ៕