ព័ត៌មានជាតិ

ក្រសួងធនធានទឹកប្រកាសថា ឥទ្ធិពលព្យុះទី១៩ ហ្គោនី នឹងមកដល់កម្ពុជា នៅយប់ថ្ងៃទី៥ ខែវិច្ឆិកា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ព្យុះទី១៩ ឈ្មោះ ហ្គោនី (GONI) បាននឹងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង។

តាមការព្យាករ ព្យុះនេះ បានប្តូរទិសដៅបន្តិចចូល មកផ្នែកខាងលើ នៃភាគខាងត្បូង ប្រទេសវៀតណាម ដោយថមថយឥទ្ធិពល ទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើត ប្រទេសកម្ពុជា នៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖

  • បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែន ប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ។
  • បណ្តារាជធានី ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

To Top