ភ្នំពេញ ៖ លោកនេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នបទល្មើស ធនធានធម្មជាតិ មិនទាន់លុបបំបាត់ បានទាំងស្រុងនោះទេ ខណ:ក្រសួងកំពុងសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីចាត់វិធានការបង្រ្កាប បន្តទៀត ។
ក្រោយបញ្ចប់ សន្និបាតបូកសរុបលទ្ធផល ការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានថ្លែងថា នៅក្នុងរយ:ពេល ៩ខែ ឆ្នាំ២០២០ នេះ ក្រុមការងារបានធ្វើការបង្រ្កាប បទល្មើស បានចំនួន ជាង៦ពាន់ករណី ដោយក្នុងនោះ បានបញ្ជូនសុំណុំរឿង ទៅតុលាការបានចំនួន ៤៥៤ករណី ធ្វើការពិន័យអន្តរកាល រហូតដល់ជិត១ពាន់ករណី និងរឹបអូស រណាយន្តជិត៤ពាន់គ្រឿង ដកអន្ទាក់បានជិត៤ពាន់ ។
លោក ភក្រ្តា បន្ថែម “ជាការពិតបទល្មើសធនធានធម្មជាតិ មិនបានរលុបបាត់ទាំងស្រុង ទេ ប៉ុន្តែកម្រិតបទល្មើសខ្នាតធំលែងមាន នៅបទល្មើសខ្នាតតូច ដែលនៅបន្ត ដែលយើងត្រូវ បន្តសហការជាមួយសហគមន៍ តំបន់ការពារធម្មជាតិ និងអាជ្ញាធរដើម្បីយើងបន្តធ្វើ” ។
លោកបញ្ជាក់ថា ការបង្រ្កាបបទល្មើសធនធានធម្មជាតិឲ្យរលាយអស់ នៅពេលណានោះ គឺមិនទាន់ដឹងបាននោះទេ។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា សម្រាប់ផែនការ ដែលត្រូវធ្វើនៅឆ្នាំ២០២១ ខាងមុខ គឺត្រូវបន្តអនុវត្តន៍ផែនការសកម្មភាព ដោយឡែកផែនការដែលត្រូវធ្វើមុនគេនោះគឺ ការបែងចែកកំណត់ តំបន់ការពារធម្មជាតិ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតំបន់ការពារធម្មជាតិចំនួន៧២កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៧.៣០០.០០០ហិកតា ។
លើសពីនេះទៀត លោកបញ្ជាក់ទៀតថា ចំពោះបទល្មើស ទន្រ្ទានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ នៅតែមានការកើនឡើង ៕ ដោយ៖ធី លីថូ