ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបាត់បង់ថវិកា ជាតិ-ឯកជន ជាង៣៥០លានដុល្លារ ក្នុង១ឆ្នាំ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានថ្លែងថា នៅប្រទេសកម្ពុជា គិតជាមធ្យម មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥នាក់ និងរបួស ១០ទៅ១៥នាក់ ក្នុង១ថ្ងៃ ធ្វើឲ្យបាត់បង់ថវិកា ជាតិ-ឯកជន ជាង៣៥០លានដុល្លារ ក្នុង១ឆ្នាំ។

ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត «ថាយផ្ល័ស» នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជាមានសុខសន្ដិភាព ធ្វើឲ្យកម្ពុជា មានយានយន្ដយ៉ាងច្រើន ចំនួន៥លាន៨សែនគ្រឿង។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារយើងមានឡានច្រើន មានផ្លូវច្រើន ដោយសារប្រជាពលរដ្ឋ យើងជីវភាពល្អជាងមុន ក៏ប៉ុន្ដែបញ្ហាមួយយើងជួបប្រទះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលសព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋយើង ស្លាប់៥នាក់ ក្នុងមួយថ្ងៃ របួស១០ ទៅ១៥នាក់ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យ បាត់បង់ថវិកាជាតិ ថវិកាឯកជន ប្រហែល ៣៥០លានដុល្លារ ក្នុងមួយឆ្នាំ នេះបើការវៃតម្លៃ ធនាគារអភិវឌ្ឍអាស៊ី។សេដ្ឋកិច្ចជាតិយើងបាត់បង់៣៥០លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសាធារណការ រៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបែងចែកជា ៣ប្រភេទ រួមមាន ៖ គ្រោះថ្នាក់ដោយសារមនុស្ស ,គ្រោះថ្នាក់ដោយសារយានយន្ដ និងគ្រោះថ្នាក់ដោយសារផ្លូវថ្នូល។លោករដ្ឋមន្ដ្រីបន្ដថា បញ្ហាទាំងនេះហើយ ធ្វើឲ្យក្រសួងបន្ដ ខិតខំប្រឹងប្រែង ដើម្បីកសាងផ្លូវថ្នូលឲ្យបានគ្រប់គ្រាន់ និងដាក់ផ្លាសសញ្ញាឲ្យបានត្រឹមត្រូវ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top