ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានអញ្ជើញបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា ឯកសារទស្សនទាននេះ គឺជាឯកសារសម្រាប់តម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២។ ឯកសារទស្សនទាននេះ ត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ព្រមទាំងបានឆ្លងកិច្ចប្រជុំរបស់ គ.ជ.អ.ប មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ជាងនេះទៅទៀ ត ឯកសារទស្សនទាននេះ ក៏បានបង្ហាញផងដែរ អំពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ដ្រ នៃការរៀបចំកម្មវិធីជាតិ សមាសភាគសំខាន់ៗនៃកម្មវិធីជាតិដែលរួមមាន កិច្ចការជាអាទិភាពនានា ព្រមទាំងបែបផែននៃការគ្រប់គ្រង និងការអនុវត្តកម្មវិធីដំណាក់កាលទី២ផងដែរ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ ៖ អេង ប៊ូឆេង