ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ផ្ដាំផ្ញើរដ្ឋបាលក្រុង-ស្រុក ត្រូវមានតួនាទី និងទទួលខុសត្រូវ ផ្ដល់សេវាសាធារណៈ ជូនពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្ដាំផ្ញើទៅដល់ រដ្ឋបាល ក្រុង-ស្រុក ចាំបាច់ត្រូវមានតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេច ស ខេង ផ្ដាំផ្ញើបែបនេះ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះ យោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្ដេចមានប្រសាសន៍ថា «ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ ចមូលដ្ឋាន ប្រកបដោយគុណភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាល ក្រុង-ស្រុក ចាំចាច់ត្រូវមានតួនានី និងការទទួលខុសត្រូវ ក្នុងការផ្ដល់សេវាធារណៈ ដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ មន្ដ្រីជំនាញបច្ចេកទេស ភាគច្រើន នឹងត្រូវផ្ទេរពីក្រសួង ស្ថាប័ននានា នៅថ្នាក់ជាតិ ដើម្បីដាក់ពង្រាយឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សម្ដេចបន្ដថា ការកែលំអឡើងវិញនូវចំណុចខ្វះខាត ទាំងឡាយ សំដៅធានាដល់ការ លើកទឹកចិត្តមន្ដ្រីសាធារណៈ ឲ្យស្ម័គ្រចិត្តទៅបំពេញការងារនៅរដ្ឋបាលមូលដ្ឋាន តាម រយៈការផ្ដល់ថវិកាបន្ថែមពីលើប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំង ការដំឡើងកម្រិតថ្នាក់ និងឋានន្ដរស័ក្តិ ក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងទំហំការងារ និងបង្កលក្ខណៈឲ្យមានភាព ងាយ ស្រួលក្នុងការផ្ទេរមន្ដ្រី ដែលមានសមត្ថភាព តាមវិស័យជំនាញ ពីថ្នាក់ជាតិទៅថ្នាក់ក្រោម ជាតិ ជាពិសេស ត្រូវផ្ដល់ឱកាសដល់មន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន តាមមុខជំនាញនៅក្នុង វគ្គបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ច ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានបន្ថែមថា រាជរដ្ឋាភិបាល នឹងគិតគូរពិចារណាអំពីការប្រគល់មូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងការប្រកួតប្រជែងក្នុងការប្រមូលចំណូល ទាំងក្នុងក្របខ័ណ្ឌជាចំណូលពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែកទាំងស្រុង តែទៅលើការបែងចែក ថវិកាពីថ្នាក់ជាតិ ៕

To Top