ព័ត៌មានជាតិ

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ២,៧លានដុល្លារ និងឥណទានសម្បទាន ២២៧លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៣០០លានយ៉េន ប្រមាណ២,៧លានដុល្លារ និងឥណទានសម្បទាន ចំនួន២៥ប៊ីលានយ៉េន ប្រមាណ ២២៧លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម តាមរយៈ ហិរញ្ញប្បទានឥតសំណងសម្រាប់ «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» រដ្ឋាភិបាលជប៉ុន ប្រមាណ ២,៧ លានដុល្លារ ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។

ស្ថានទូតជប៉ុន រៀបរាប់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាព របស់អង្គភាព ខាងលើ តាមរយៈការផ្តល់សម្ភារៈ រួមមាន យានយន្តសម្រាប់ការពារសន្តិសុខ ដើម្បីទុកការពារ គណៈ ប្រតិភូ និងម៉ាស៊ីន ត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។សម្ភារៈទាំងនេះ នឹង ជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជា សន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើង ប្រកបដោយ សុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។

ដោយឡែក ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រមាណ២២៧លានដុល្លារ ដល់កម្ពុជាដែលកំពុងរង ផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។

តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាល ដាលនៃវីរុសកូវីដ១៩ រក្សាលំនឹងនិងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំ ពារសង្គម។ ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន ប្រមាណ៤៥ លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែក ក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍ វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។

តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែក សង្គមសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន រួមទាំង សហគ្រាសធុនតូច និងមធ្យម។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ម្នាក់ៗស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។

សូមជម្រាបថា លិខិតប្តូរសារសម្រាប់ផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់ជប៉ុន ត្រូវបានចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០៕

To Top