ព័ត៌មានជាតិ

លោក កៅ ថាច លើកទឹកចិត្តដល់ កសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណី មានតម្រូវការឥណទាន ដើម្បីពង្រីកការដាំដុះ

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកទឹកចិត្តដល់កសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណីមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះបន្ថែម។

ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ ២០០នាក់នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីកសិកម្មខេត្តព្រៃវែង លោក កៅ ថាច បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ដែលបានចំណាយពេលវេលាអញ្ជើញ ចូលរួមក្នុងកម្មវិធីនៅព្រឹកនេះ។ លោក កៅ ថាច បានជម្រាបជូនបងប្អូនកសិករអំពី៖

១. គោលការណ៍ និងលក្ខខណ្ឌទទួលបានឥណទានដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។ ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់បងប្អូនកសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណីមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះ។ 

២.ធ្វើការលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការជ្រើសរើសពូជក្នុងការដាំដុះ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។ ត្រង់នេះ ឯកឧត្តម បានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម។ ឯកឧត្តម បានលើកយកឧទាហរណ៍ជាក់ស្តែង ព្រមជាមួយទឡ្ហីករណ៍មួយចំនួនដើម្បីអោយបងប្អូនប្រជាកសិករ មានមូលដ្ឋានក្នុងការពិចារណាផងដែរ។ 

៣.ស្នើសុំអោយបងប្អូនកែប្រែទម្លាប់ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្មផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ការណ៍នេះ ជីវភាពរបស់ប្អូនប្អូននឹងមានការកែប្រែ និងរីកចំរើន។ 

៤ . ធ្វើការតភ្ជាប់រវាងក្រុមហ៊ុនទទួលទិញបន្លែ និងលសិករផលិត។ ឆ្លៀតក្នុងឱកាសនោះដើម្បីជាទំនុកចិត្តដល់បងប្អូនកសិករឯកឧត្តម បានធ្វើការណែនាំក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដែលជាក្រុមហ៊ុនបោះដុំបន្លែដើម្បីអោយបងប្អូនធ្វើការចុះកិច្ចសន្យា ធ្វើដូចនេះដើម្បីធានាបាននូវភាពច្បាស់លាស់លើទីផ្សារ។ ប៉ុន្តែឯកឧត្តម បានសំណូមពរអោយបងប្អូនពង្រឹងការដាំដុះប្រកបដោយគុណភាព គោរពបាននូវស្តង់ដារអនាម័យផងដែរ។

ចុងបញ្ចប់ លោក បានធ្វើការថ្លែងអំណរគុណដល់មន្ទីកសិកម្មខេត្ត ដែលបានសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង។ជាមួយគ្នានេះដើម្បីជួយសម្រួលថ្លៃធ្វើដំណើរ លោកក៏ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនកសិករដាំដុះបន្លែដែលអញ្ជើញមកពីខេត្តស្វាយរៀង និង ខេត្តព្រៃវែង។

To Top