ព័ត៌មានអន្តរជាតិ

អាហ្ស៊ែបៃហ្សង់ សារភាពថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី នៅដែនអាកាសអាមេនី

បរទេស ៖ យោធារបស់ប្រទេស អាហ្ស៊ែបៃហ្សង់ បានសារភាពនៅថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្ររុស្ស៊ី Mi-24 មួយគ្រឿង នៅក្នុងដែនអាកាស របស់ប្រទេសអាមេនី សម្លាប់សមាជិកបុគ្គលិកលើឧទ្ធម្ភាគចក្រ នោះពីរនាក់ និងបាននិយាយថា វាជាឧទ្ទវហេតុ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អាហ្ស៊ែបៃហ្សង់ បាននិយាយថា “ភាគីអាហ្ស៊ែបៃហ្សង់ បានសុំទោសភាគីរុស្ស៊ី ពាក់ព័ន្ធទៅនឹងឧទ្ទវហេតុនេះ ដែលធ្វើឡើងដោយចៃដន្យ មិនមែនមានបំណងប្រឆាំង ដោយត្រង់ ចំពោះភាគីរុស្ស៊ីនោះទេ” ។ ក្រសួងក៏បានបញ្ជាក់ផងដែរ អំពីការចូលរួមមរណទុក្ខ ចំពោះក្រុមគ្រួសារ របស់សមាជិក ដែលបាត់បង់ជីវិត និងបាននិយាយថា អាហ្ស៊ែបៃហ្សង់ បានប្រកាសការត្រៀមខ្លួនជាស្រេច ដើម្បីសងជម្ងឺចិត្តដ៏សមស្រប ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្ររុស្ស៊ី នោះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល វាយប្រហារពីដីទៅអាកាស ក្នុងខណៈស្ថិតនៅក្នុងដែនអាកាស អាមេនី ជិតភូមិ Yeraskh ប្រទេសអាមេនី ក្បែរព្រំដែនជាប់ សាធារណរដ្ឋស្វយ័ត Nakhchivan ក្នុងប្រទេសអាហ្ស៊ែបៃហ្សង់។ ឧទ្ធម្ភាគចក្រ Mi-24 កំពុងតែហោះអមដំណើរក្បួន រថយន្តរបស់មូលដ្ឋាន យោធារុស្ស៊ីលេខ១០២ នៅត្រូវបាញ់ទម្លាក់នោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top