ព័ត៌មានជាតិ

ទូតជប៉ុន ៖ ការជ្រើសរើសបុគ្គលិកស្ថានទូត នៅភ្នំពេញ និងការិយាល័យ កុងស៊ុលខេត្តសៀមរាប មិនធ្វើតាមរយៈក្រុមហ៊ុន

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិក របស់ស្ថានទូតជប៉ុន នៅរាជធានី ភ្នំពេញ និងការិយាល័យកុងស៊ុល នៅខេត្តសៀមរាប មិនធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារ ស្វែងរកការងារឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ថ្មីៗនេះ មានករណីមួយបានកើតឡើង ដោយមានទីភ្នាក់ងារ ស្វែងរកការងារមួយកន្លែង តម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសា ដើម្បីទទួលបានឱកាសការងារ នៅការិយាល័យកុងស៊ុល ជប៉ុនប្រចាំ ខេត្តសៀមរាប។

ស្ថានទូតជប៉ុន ថា «សូមបញ្ចាក់ថា រាល់ការជ្រើសរើសបុគ្គលិក របស់ស្ថានទូតជប៉ុន នៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុល នៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារ ទេ»។

ស្ថានទូតជប៉ុន បន្ដថា រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា តែប៉ុណ្ណោះ។ ដូច្នេះ ប្រជាពលរដ្ឋ ទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ ដោយប្រការណាមួយ៕

To Top