ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះប៉ូលិសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យ អ្នកមិនពាក់មួកសុវត្ថិភាព តែត្រូវពិនិត្យមើល ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ មិនពាក់ម៉ាស់ ត្រូវប្រគល់ម៉ាស់ និងណែនាំ អោយពួកគាត់ពាក់ម៉ាសជាប្រចាំ។
ក្នុងពិធីប្រគល់ និងទទួលម៉ាស់ របស់សម្តេចតេជោ ចំនួន២លានម៉ាស់ នៅថ្ងៃទី១១ វិច្ឆិកា លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ម៉ាស់ក្រណាត់ទាំង២លាននេះ គឺជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមក សាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូន ទៅដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាព ក្នុងការទិញម៉ាក់ យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ–១៩ បាននិងកំពុងរាលដាល នៅក្នុងរាជធានីភ្នំពេញ” ។
លោកបានបញ្ជាក់ថា ម៉ាស់ទាំងនេះ នឹងប្រគល់ជូនទៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រគល់ជូនស្នងការរដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថាម៉ាស់នេះ អាចប្រគល់ជូន ប្រជាពលរដ្ឋ ម្នាក់២ម៉ាស់ ដោយម៉ាស់នេះ អាចបោកគក់បាន ហើយក៏អាចប្រើប្រាស់ បានពី ២ ទៅ៣ខែ ផងដែរ បើចេះថែរក្សាវាបានល្អ ។
ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ នូវការឆ្លងជំងឺកូវីដ–១៩៕