ព័ត៌មានជាតិ

ពលរដ្ឋជាង១០០គ្រួសារ នាំគ្នាផ្ដិតមេដៃ សុំអន្តរាគមន៍ ពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្រោយតុលាការខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យរុះរើផ្ទះ ដែលរស់នៅ ជាយូរឆ្នាំមកហើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាននាំគ្នាផ្ដិតមេដៃ សុំអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យជួយរកយុត្តិធម៌ ក្រោយពីតុលាការខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យពួកគាត់ ដែលជាប្រជាពលរដ្ឋ បានទិញដីមានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ និងរាល់ការទិញ-លក់ មានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវ តាមផ្លូវច្បាប់ រុះរើ ផ្ទះរឹងមាំ និងសំណង់ផ្សេងៗ ចេញពីដី លំនៅដ្ឋាន ដែលពួកគាត់បានរស់នៅ ដោយសុខសាន្ត ជាយូរឆ្នាំមកហើយ ធ្វើអោយពួកគាត់ទាំងអស់គ្នា ជួបហានិភ័យជាខ្លាំង ។

យោងតាមពាក្យបណ្ដឹង សុំអន្តរាគមន៍របស់ឈ្មោះ ផល ធា ភេទប្រុស អាយុ ៥៧ឆ្នាំ , ឈ្មោះ ហ៊ុយ ឡេង ភេទប្រុស អាយុ ៤៤ឆ្នាំ និងឈ្មោះ លាង ច័ន្ទគ្រឹស្នា ភេទប្រុស អាយុ ៤៩ឆ្នាំ ដែលជាតំណាងប្រជាពលរដ្ឋ ចំនួន ១២២គ្រួសារ រស់នៅលើទីតាំងដីបច្ចុប្បន្ននៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមស្នើដល់ សម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ និង ពិនិត្យភាពមិនប្រក្រតីចំពោះចំណាត់ការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ដែលបង្គាប់ឲ្យយើងខ្ញុំ ជាប្រជាពលរដ្ឋចំនួន ១២២គ្រួសារ ដែលរស់នៅដោយ សុចរិត និងស្របច្បាប់រុះរើ ផ្ទះនិងសំណង់ផ្សេងៗ ចេញពីដីលំនៅដ្ឋាន និងមេត្តាជួយ អន្តរាគមន៍អនុញ្ញាតឲ្យយើងខ្ញុំ ដែលបាន និងកំពុងកាន់កាប់រស់នៅ តាំងពីឆ្នាំ២០១២ នៅលើ ទីតាំងដីទំហំ ១០០ម៉ែត្រ គុណនឹង ៣០០ម៉ែត្រ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តំណាងប្រជាពលរដ្ឋទាំងជាង១០០គ្រួសារ សូមគោរពជម្រាបជូន សម្តេចនាយក រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ជ្រាបតាមដំណើររឿងហេតុដូចតទៅ ៖
នៅក្នុងអំឡុងឆ្នាំ២០១០ ឈ្មោះ ង៉ោ ឆេង បានទៅទិញដី ដែលមានទីតាំងស្ថិតនៅភូមិបាលិលេយ្យ បច្ចុប្បន្នភូមិអូរជ្រៅ) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី លោក លឺ ឡាយស្រេង និងឈ្មោះ តាំង គីមម៉េង និងប្រពន្ធឈ្មោះ អ៊ុង ហុងឡាង ដោយដីនោះមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ អចលនវត្ថុ ត្រឹមត្រូវ ចំនួន ៣ប័ណ្ណ ចេញដោយក្រសួង ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ ហើយទិដ្ឋភាពពេលនោះ គឺជា ដីទំនេរពុំមានសំណង់ និងពុំ មានប្រជាជនរស់នៅ លើទីតាំងដីនោះទេ ថែមទាំងមានរបងបេតុង រឹងមាំព័ទ្ធជុំវិញ ដីទាំងមូលទៀតផង ហើយផ្ទេរកម្មសិទ្ធិមកឈ្មោះ ង៉ោ ឆេង និងបានបង់ពន្ធត្រឹមត្រូវ តាមផ្លូវច្បាប់ ។

ក្រោយពីបានទទួល និងកាន់ កាប់ដីខាងលើតាមផ្លូវច្បាប់ហើយ ក្នុងអំឡុងដើមឆ្នាំ២០១២ ឈ្មោះ ង៉ោ ឆេង ក៏ចាប់ផ្តើមអភិវឌ្ឍន៍ទីតាំងដី ដោយបានចាក់ដី ធ្វើផ្លូវ ដាក់លូ និងបានស្នើសុំបំបែកក្បាលដី ទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បី ពុះបំបែកដីជាឡូតិ៍លក់ តាមផ្លូវច្បាប់ និងបានលើកប៉ាណូ ប្រកាសផ្សាយ លក់ជាសាធារណៈតែម្តង។ យើងខ្ញុំដែលជាប្រជាពលរដ្ឋចំនួន ១២២គ្រួសារ ក៏បានទិញដីឡូតិ៍នោះ ដោយ មានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន រួមមានចៅសង្កាត់ប៉ោយប៉ែត និងអភិបាលក្រុងក្រុងប៉ោយប៉ែត ត្រឹមត្រូវ តាមផ្លូវច្បាប់ ហើយបានសាងសង់ផ្ទះរឹងម៉ាំងរស់នៅ និងប្រកបរបចិញ្ចឹម ជីវិតលើទីតាំងដី ដោយសុខសាន្ត ពុំដែលមានជនណាមកការតវ៉ា ឬ ប្តឹងផ្តល់អ្វីនោះឡើយ រហូតមកទល់ បច្ចុប្បន្ន (រូបភាពផ្ទះ ភ្ជាប់មកជាមួយ) ។

ពាក្យបណ្ដឹងរបស់ក្រុមប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា «ស្រាប់តែនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ យើងខ្ញុំជាប្រជាពលរដ្ឋបានទទួលដំណឹង អំពីដីកា បង្គាប់ឲ្យរុះរើដោយស្ម័គ្រចិត្តលេខ ២៣អយ/ក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ របស់អយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារ “បង្គាប់ឲ្យយើងខ្ញុំ រុះរើ ផ្ទះ និងសំណង់ផ្សេងៗ ចេញពីដីលំនៅដ្ឋានយើងខ្ញុំ ហើយប្រគល់ដីនេះអោយទៅឈ្មោះ វ៉ែន ខេមរិន្ទ តាមដីកាសម្រេចរបស់សាលា ដំបូងខេត្តបន្ទាយមានជ័យ”។ ក្រោយពីបានទទួលដំណឹងនេះភ្លាម ធ្វើអោយយើងខ្ញុំជាប្រជាពលរដ្ឋមានការ តក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបយើងខ្ញុំបានដាក់ពាក្យតវ៉ា និងពាក្យសុំឲ្យផ្អាកការអនុវត្ត ទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែតុលាការមិនទាន់បានពិនិត្យ និងសម្រេចអំពីបណ្ដឹងតវ៉ានេះផងបែរជាខាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅតែបន្តការអនុវត្ត ហើយបាន កំណត់ថ្ងៃអនុវត្ត នៅថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទី ព្រឹក ដោយបង្គាប់អោយយើងខ្ញុំរុះរើផ្ទះ និង សំណង់ផ្សេងៗ ចេញពីទីតាំងដីខាងលើ» ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងបន្ថែមថា ទង្វើរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋ ទាំង១២២គ្រួសារ មានការភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំងដូច្នេះ សូមគោរពជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី មេត្តាជួយស្វែង រកយុត្តិធម៌ និងពិនិត្យភាព មិនប្រក្រតី នៃចំណាត់ការរបស់តុលាការ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបង្គាប់ឲ្យយើងខ្ញុំ ដែលជាប្រជាពលរដ្ឋ ដែលបានទិញដីមានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ និងរាល់ការទិញ-លក់ មានការដឹងលឺ ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ តាមផ្លូវច្បាប់នេះ រុះរើ ផ្ទះរឹងមាំ និងសំណង់ផ្សេងៗចេញពីដី លំនៅដ្ឋានដែលពួកគាត់បានរស់នៅ ដោយសុខសាន្តជាយូរឆ្នាំមកហើយ ធ្វើអោយពួកគាត់ទាំងអស់គ្នា ជួបហានិភ័យជាខ្លាំង ដោយគ្មានកន្លែងស្នាក់នៅ កូន ចៅ មិនបានរៀនសូត្រ ស្របពេលមានទឹក ជំនន់ និងការរីករាលដាលនៃជំងឺកូវីដ១៩ ផង ។

ក្រុមប្រជាពលរដ្ឋ ទទូចសូមសម្តេច នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ និងពិនិត្យភាពមិនប្រក្រតី ចំពោះចំណាត់ការរបស់តុលាការ ខេត្តបន្ទាយមានជ័យ និងមេត្តាជួយអន្តរាគមន៍ អនុញ្ញាតឲ្យពួកគាត់ ជាប្រជាពលរដ្ឋទាំង ១២២គ្រួសារ ដែលបាន និងកំពុងកាន់កាប់ដោយសុចរិត និងស្រប ច្បាប់បន្តរស់នៅលើទីតាំងខាងលើ ដោយក្តីអនុគ្រោះបំផុត៕

To Top