ព័ត៌មានអន្តរជាតិ

ថៃ ហាមព្រះសង្ឃ និងលោកនេន មិនឱ្យចូលរួមមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល, សង្ឃអង្គណាល្មើស ចាប់ផ្សឹក

បរទេស៖ លោក Narong Songarom ប្រធានការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា (NOB) បានចេញបទបញ្ជាហាមព្រះសង្ឃ និង លោកនេន កុំឲ្យចូលរួម ក្នុងមហាបាតុកម្ម ហើយព្រះសង្ឃអង្គណា ដែលល្មើសបម្រាមអាចនឹងត្រូវផ្សឹក ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Narong ថាមុននេះ ការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា និងក្រុមប្រឹក្សាជាន់ខ្ពស់ នៃប្រទេសថៃបានជូនដំណឹង ដល់ប្រធានសាខាគ្រប់គ្រង របស់ព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃនិងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយទេ ។

ការអត្ថាធិប្បាយរបស់លោក ជាការឆ្លើយតបនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងរូបថតដែលថតដោយបុគ្គល ពាក់ស្បង់ជីវ ដែលចូលរួមក្នុងការប្រឆាំង រដ្ឋាភិបាល។ ព្រះសង្ឃបានចូលរួមក្នុងការតវ៉ា បើទោះបីជាមានការព្រមាន ម្តងហើយម្តងទៀតពី NOB ។ ព្រះសង្ឃមួយក្រុមបានគេលើកបដា ដែលទាមទារសិទ្ធិបោះឆ្នោត ខណៈដែលព្រះសង្ឃត្រូវបាន ហាមឃាត់មិនឱ្យបោះឆ្នោត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top