ភ្នំពេញ៖ នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលធ្វើវេទិកាទេសចរណ៍អាស៊ាន២០២១ (ASEAN Tourism Forum 2021) ដែលគ្រោងនឹងរៀបចំ នាខែមករា ឆ្នាំ២០២១ ខាងមុខនៅកម្ពុជា ទៅរៀបចំនៅដើមឆ្នាំ២០២២ វិញ។
ការសម្រេចនេះធ្វើឡើងស្របតាមសំណើ របស់ក្រសួងទេសចរណ៍ដោយមានការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីកម្ពុជាផងដែរជាពិសេសភាពមិនច្បាស់លាស់នៃការថមថយនៃជំងឺកូវីដ -១៩ ក្នុងពិភពលោក ដោយមានខ្លឹមសារដូចខាងក្រោម៖
ទី១-អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចអំឡុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។
ទី២-ចំពោះការប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) អនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ តាមប្រព័ន្ធវីដេ អូខនហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។
សូមរំលឹកថា វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២១ (ASEAN Tourism Forum, ATF 2021) ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ ,កិច្ចប្រជុំរដ្ឋ មន្ត្រី ទេសចរណ៍អាស៊ានបូកបីលើកទី២០ ,កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី២៤ ,កិច្ចប្រជុំដៃគូសន្ទនា រាត្រីផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទទួលជាម្ចាស់ផ្ទះបន្ទាប់ ,ពិធីចែកជ័យលាភីនៃគុណភាពទេសចរណ៍អាស៊ាននានា ជំនួបទ្វេភាគី ព្រមទាំងការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន (Travel Exchange, Travex) ដែលមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) មកពីតំបន់ក្នុងពិភពលោក និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ហើយការតាំងពិព័រណ៍នេះ ជាស្នូលនៃវេទិកាខាងលើនេះផងដែរ៕