ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែ តាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការ ម្ហូបអាហារ ក្នុងវិស័យទេសចរណ៍

ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។

យោងតាមគេហទំព័រហ្វេសប៊ុក​របស់ ក្រសួងទេសចរណ៍​ នៅថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​ អនុស្សារណៈនេះត្រូវបានចុះហត្ថលេខាដោយលោក ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។

លោក​ ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។

លោ​ក បានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ នៅពេលផុតអាណត្តិនេះ ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការបន្តគម្រោងទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះនឹងចាប់អនុវត្តចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រ ដូចជាស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះទៅ គម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។

លោក​បានបន្តទៀតថា នៅពេលផលិតបានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុនចែកចាយដែលជាគ្រុបរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅផ្សារ អ៉ីអន ម៉ល និងនៅតាមបុរីលំនៅដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ៕

To Top