សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជាប់ឆ្នោត បញ្ជាក់សារជាថ្មីពីជំហររបស់ពួកគាត់ នឹងបន្តរួមគ្នា ដែលប្រទេសទាំងពីរនៅបន្តចងសម្ព័ន្ធមិត្ត និងបង្កើតឲ្យមានសន្តិភាពពេញលេញនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ។ លោក ម៉ូន បានថ្លែងដូច្នេះ នៅលើបណ្តាញសង្គម Twitter ។
នៅក្នុងជំនួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក បៃដិន ហើយលោក ម៉ូន បានថ្លែងថា គាត់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកដែលនឹងកើតឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានានាសកល ក្នុងនោះរាប់បញ្ចូលទាំងការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងការបំរ៉ែបំរួលអាកាសធាតុ ។
គួរបញ្ជាក់ថា ការជួបសន្ទនាតាមទូរស័ព្ទនេះដែរ បានកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ ក្រោយពីលោក Kang Kyung-wha រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានជួបជាមួយក្រុមសម្ព័ន្ធមិត្តរបស់ លោក បៃដិន នៅរដ្ឋធានីវ៉ាស៊ីនតោន និងបានស្នើដល់រដ្ឋបាលរបស់លោក បៃដិន ឲ្យមាន“កម្រិតនៃកិច្ចប្រជុំកំពូល” ដែលចូលរួមក្នុងការបើកឡើងវិញនៃការជួបចរចាគ្នាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា