ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះអ្នកចែកចាយម៉ាស និងផលិតផលសម្លាប់មេរោគ ដែលគ្មានគុណភាព

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះអ្នកចែកចាយម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា “ដេីម្បីចូលរួមចំណែកបង្ការទប់ស្កាត់ការចម្លងវិរុសកូវីដ-១៩ ពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងសុខាភិបាល តម្រូវឲ្យលោក លោកស្រី ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ ពីក្រសួងសុខាភិបាល ក្នុងតម្លៃថោកសមរម្យ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផលិតផលទាំងនេះយកមកប្រើប្រាស់បាន និងហាមឃាត់ដាច់ខាតការចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព”។

ទន្ទឹម គ្នានេះ ដែរ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋថា មុននឹងសម្រេចចិត្តទិញម៉ាស និងផលិតផលសម្លាប់មេរោគ ត្រូវពិនិត្យមើលផលិតផលណា ដែលមានបិទលតាបត្រទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ដូចមានគំរូបភ្ជាប់មកជាមួយនៅទំព័រទី២ ទើបជាផលិតផលដែលមានទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្នុងករណីម្ចាស់គ្រឹះស្ថាន លោក-លោកស្រីម្ចាស់ គ្រឹះស្ថាន និងឱសថការីទទួលបន្ទុកគ្រឹះស្ថានខាងលើ ឬបុគ្គលណាដែលមិនគោរពតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ដោយធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗ ទៀតស្របតាមច្បាប់ជាធរមាន៕

To Top