បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ ABC បានចុះផ្សាយថា ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើអោយប្រទេសរបស់ខ្លួន ដែលជាប្រទេសមហាអំណាច លើពិភពលោក អាប់អោន កិត្យានុភាព លើឆាកអន្តរជាតិ ដោយសារសកម្មភាពចុងក្រោយ មួយចំនួន របស់ប្រធានាធិបតីរូបនេះ ។
រយៈពេល២សប្តាហ៍ បានកន្លងហួសទៅហើយ ក្រោយពីការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ត្រាំ នៅតែមិនព្រមផ្ទេរអំណាចអោយទៅលោក ចូ បៃដិន ដែលជាប្រធានាធិបតី ជាប់ឆ្នោត ក្នុងការចាត់វិធានការ ជាបន្ទាន់ដើម្បីដោះស្រាយទៅតាមការសន្យា របស់លោកក្នុងយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត ។
ការនៅក្រាញអំណាច របស់លោក ត្រាំ ក៏កំពុងធ្វើអោយរាំងស្ទះ ផងដែរដល់ចំណាត់ការបន្ទាន់មួយចំនួន របស់លោក ចូ បៃដិន ក្នុងការចាត់ការបន្ត ពីលោក ត្រាំ ដូចជាវិធានការទប់ស្កាត់ ការឆ្លងរាលដាលវីរុស Covid-19 ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ និងអនុវត្តគម្រោងបង្កើតការងារ អោយប្រជាពលរដ្ឋ ធ្វើនៅឆ្នាំ២០២១ខាងមុខនេះ ។
ABC បានបន្ថែមថា ការឡាំប៉ាមិនព្រមទទួលយក លទ្ធផលឆ្នោតរបស់លោក ត្រាំ បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់កិត្យានុភាព របស់សហរដ្ឋអាមេរិក ដែលជាប្រទេសធ្លាប់តែរិះគន់ ប្រទេសដទៃទៀត លើការលួចបន្លំសន្លឹកឆ្នោត និងការប្រើអំពើហិង្សាក្នុងការបោះឆ្នោត ជ្រើសរើសមេដឹកនាំកំពូល ។
ទង្វើរបស់លោក ត្រាំ កំពុងឆ្លុះបញ្ចាំង អោយឃើញថា មេដឹកនាំរបស់ប្រទេសមហាអំណាចមួយនេះ ក៏ល្មោភអំណាច និងឈ្លោះប្រកែកគ្នា ដណ្តើមអំណាចដូចជា ប្រទេសតូចតាចនៅលើពិភពលោកដែរ ហើយទង្វើនេះ នឹងជះឥទ្ធិពលអាក្រក់ ដល់មេដឹកនាំ ជំនាន់ក្រោយរបស់ សហរដ្ឋអាមេរិក ដែលនឹងរិះគន់លើប្រទេសដទៃទៀត ក្នុងការបោះឆ្នោត ។
មូលហេតុដែលលោក ត្រាំ នៅតែក្រាញអំណាច ដោយមិនព្រមផ្ទេរអោយ ទៅលោក ចូ បៃដិន គឺដោយសារប្រធានាធិបតី ជិតផុតអាណត្តិរូបនេះ បានចោទប្រកាន់ថា ការបោះឆ្នោតនេះ មិនមានតម្លាភាព និងមានការលួចបន្លំ ហើយលោក ចូ បៃដិន ដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនេះ គឺដោយសារលួចបន្លំ ដែលលោកត្រូវប្តឹងរកការពិត ។
លោក ត្រាំ បានប្តឹងទាមទារ អោយរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋមួយចំនួន ដែលលោក ចូ បៃដិន បានទទួលសម្លេង គាំទ្រច្រើន ប៉ុន្តែតុលាការ បានច្រានចោលពាក្យបណ្តឹងរបស់លោក ត្រាំ ដោយសំអាងហេតុផលថា ការចោទប្រកាន់ របស់លោក ត្រាំ មិនមានភស្តុតាង ច្បាស់លាស់ និងនិយាយតែមាត់ប៉ុណ្ណោះ ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកានេះ ការរាប់សន្លឹកឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក បានបញ្ចប់ហើយ ហើយលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រចំនួន២៣២ តំណាងអ្នកបោះឆ្នោត និងលោក ចូ បៃដិន ទទួលបាន៣០៦តំណាងអ្នកបោះឆ្នោតក្នុងចំណោម អង្គបោះឆ្នោត សរុបចំនួន៦៣៨ ។
ទោះបីជាលោក ត្រាំ នៅតែបន្តឡាំប៉ា និងតវ៉ាមិនព្រមទទួលយក លទ្ធផលឆ្នោតនេះក៏ដោយ ក៏មេដឹកនាំ របស់ប្រទេស និងស្ថាប័នមួយចំនួន នៅលើពិភពលោក បានចេញសេចក្តីប្រកាស អបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតី ជាប់ឆ្នោតរួចជាស្រេចទៅហើយ ដោយមិនរង់ចាំការប្រកាសលទ្ធផល ជាផ្លូវការនោះទេ ។
ប្រទេស និងស្ថាប័ន ដែលបានចេញសេចក្តី ប្រកាសអបអរសាទរលោក ចូ បៃដិន គឺមានប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា វ៉េណេស៊ុយអេឡា អូស្ត្រាលី ចិន និងប្រទេសមួយចំនួនទៀត រួមទាំងអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិផងដែរ ដោយមិនខ្វល់ពីការតវ៉ា ជំទាស់របស់លោក ត្រាំ ។
ស្របពេលដែលលោក ត្រាំ មិនព្រមទទួលយក លទ្ធផលឆ្នោត និងមិនព្រមផ្ទេរអំណាចអោយលោក ចូ បៃដិន មានក្តីបារម្ភជាច្រើន បានកើនឡើង ក្នុងពេលដំណាលគ្នានេះ គឺក្តីបារម្ភពីកំណើន នៃការឆ្លងរាលដាលវីរុសCovid-19 និងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ។
ដើមចម នាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្រាញអំណាច និងមិនព្រមទទួលយក លទ្ធផលឆ្នោត គឺដោយសារកំណើននៃការបោះឆ្នោត តាមប្រអប់សំបុត្រ បានកើនឡើងខ្ពស់ ជាងអាណត្តិមុនៗ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី ក្នុងការបញ្ចប់អាណត្តិទី១ របស់លោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០នេះ ។
លោក ត្រាំ បានចាត់ទុកថា ការបោះឆ្នោត តាមប្រអប់សំបុត្រប្រៃសនីយ៍ អាចនឹងមានការលួចបន្លំសន្លឹកឆ្នោត បានដោយងាយ ហើយប្រធានាធិបតី រូបនេះបានប្រឆាំង ជំទាស់មិនអោយមាន ការបោះឆ្នោតតាម ប្រអស់សំបុត្រទេ ប៉ុន្តែការប្រឆាំង ជំទាស់របស់លោក ត្រាំ មិនបានជោគជ័យទេ ដោយសារហេតុផល ការឆ្លងរាលដាល វីរុសCovid-19 ។
សូមរំលឹកជូនថា នៅថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានាធិបតី អាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកានេះ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ស្ទើរ១ភាគ៣ បានសម្រេចចិត្ តបោះឆ្នោតតាមប្រអប់សំបុត្ រដោយមិនទៅបោះឆ្នោត ដោយផ្ទាល់ នៅការិយាល័យបោះឆ្នោតទេ ដោយសារក្តីបារម្ភ ពីការឆ្លងវីរុសCovid-19 ខណៈដែលវីរុសនេះ កំពុងឆ្លងរាលដាលខ្លាំង ។
អ្នកជំនាញផ្នែកនយោបាយ ក្នុងប្រទេស របស់សហរដ្ឋអាមេរិក បាននិយាយថា ទោះបីជាលោក ដូណាល់ ត្រាំ ប្រឹងប្រែងឡាំប៉ា មិនទទួលយកលទ្ធផលឆ្នោត ក៏ដោយ ក៏ប្រធានាធិបតី ជិតផុតអាណត្តិរូបនេះ មិនអាចទទួលជ័យជម្នះដែរ ហើយលោក ចូ បៃដិន នៅតែជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០២១ ខាងមុខនេះ ៕
អ៊ី ជិន