ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ ចាប់ពេលនេះតទៅ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ចាប់ ពេលនេះតទៅ គ្រាន់​តែ​ប្រជាពលរដ្ឋរស់នៅដោយមាន អនាម័យ រក្សាគម្លាត និងពាក់ម៉ាស ជាដើម ដែលហៅថា «រស់នៅធម្មតា តាមរបៀបថ្មី»។  

តាមរយៈ​សារ​សំឡេង​ផ្ញើរ​ទៅ ​កាន់​អភិបាល​រាជ​ធានី​ ខេត្ត​នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមជ ម្រាបជូន ឯកឧត្តម អភិបាលរាជធានី-ខេត្ត ទាំងអស់ រយៈពេលកន្លងទៅគឺយើងមានការប្រុងប្រយ័ត្ន គឺជារឿងត្រឹមត្រូវ ហើយ។ប៉ុន្ដែឥឡូវនេះ គឺសភាពការណ៍បានធូរស្រាល ដែលយើងប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា»។

សម្ដេចតេជោ បន្ដថា នៅរាជធានីភ្នំពេញសាលារៀនទាំងអស់ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ។ជាងនេះទៅទៀត សម្ដេច ក៏បានប្រាប់ រដ្ឋមន្ដ្រីក្រសួងអប់រំឲ្យបើកដំណេីរការស្តាតអូឡាំពិកឡើងវិញ ផងដែរ។ក្រៅពីនោះ នាពេលកន្លងមក ពិធីរៀបមង្គលការ​មួយចំនួនត្រូវផ្អាកដោយឯកឯង ហើយកន្លែងខ្លះមានការតឹងតែពីអាជ្ញាធរ ផងដែរ។

បន្ថែមពីនេះទៀត សម្ដេចតេជោ ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅរាជធានី-ខេត្ត​ អនុញ្ញាតឲ្យប្រជាពលរដ្ឋរៀបពិធីអាពាហ៍ពិពាហ៍ដោយម្ចាស់ពិធីគ្រាន់តែយកចិត្តទុកដាក់ ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ជាពិសេស ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដោយមិនត្រូវ រឹតត្បិតហួសហេតុពេកឡើយ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋឡើយ។ 

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្ត និងចាត់ចែង រឿង​នេះពីព្រោះថា ការរៀបចំ អាពាហ៍ពិពាហ៍ ទាក់ទងទៅនឹងមូលដ្ឋានផ្ទាល់ ដើម្បីបង្កើនបរិយាកាសធម្មតា កុំឲ្យ​គាំងខាងសេដ្ឋកិច្ច ក៏ដូចជា គាំងទៅលើសកម្មភាពសង្គមនានា។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាមិនត្រូវបិទដង្ហើមសេដ្ឋកិច្ចសង្គមឡើយ ហើយភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាសេដ្ឋកិច្ចសង្គមនេះ។

សម្ដេច ក៏បានប្រាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឲ្យបើកដំណើរ ការឡើងវិញនូវសារមន្ទីរ និងរោងកុន ជាដើម ប៉ុន្ដែត្រូវអនុវត្តនូវអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចតេជោ ក៏បានលើកឡើងទៀតថា គ្រប់ទីកន្លែងទាំងអស់ត្រូវផ្ដល់ភាពងាយស្រួលដល់ចលនារបស់ប្រជាពលរដ្ឋ ទៅតាមរបៀបថ្មីដែលមិនមានការកកកុញប្រមូលផ្ដុំច្រើនហួស រក្សាគម្លាត និងពាក់ម៉ាស ឲ្យបានត្រឹមត្រូវ ជាដើម ទាំងនេះជាដំណើរការមួយដែល ហៅថា «រស់នៅធម្មតា តាមរបៀបថ្មី»៕ ដោយ ៖ អេង ប៊ូឆេង

To Top