ព័ត៌មានជាតិ

រដ្ឋសភា នឹងបន្តសម័យប្រជុំ ពេញអង្គ នៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីពិភាក្សា អនុម័ត សេចក្តីព្រាងច្បាប់ ចំនួន៧

ភ្នំពេញ ៖កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួន តាមផ្លូវអាកាស ។

សេចក្តីព្រាងច្បាប់ទាំង៧ ដែលកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តដាក់ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ពិភាក្សានិងអនុម័ត នោះមាន៖

  • សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ ។
  • សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ ។
  • សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមក លើការផ្តល់អាជ្ញាបណ្ណ ក្រុមអាកាសយានិក។
  • សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
    . ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដី នៃប្រទេសជាសមាជិកអាស៊ានណាមួយ
    . ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
  • សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ។
  • សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។
  • សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ៕
To Top