បរទេស៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង គឺលោកស្រី Kathleen Stephens បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីទើបជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក ចូបៃដិន និងមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន គឺអាចមានកិច្ចប្រជុំ កំពូលជាមួយគ្នាបាន ប៉ុន្តែប្រសិនបើអ្នកទាំងពីរមើលឃើញការប្រជុំបែបនេះនឹងបង្កើតលទ្ធផល “ច្បាស់លាស់” ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Kathleen Stephens បច្ចុប្បន្នជាប្រធានវិទ្យាស្ថាន សេដ្ឋកិច្ចកូរ៉េបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយកត់សម្គាល់ថា មេដឹកនាំកូរ៉េខាងជើង ក៏អាចមានការប្រុងប្រយ័ត្ន ចំពោះការប្រជុំដែលមិនច្បាស់លាស់ អំពីលទ្ធផលរបស់ខ្លួនចាប់ តាំងពីជំនួបកំពូលលើកទី ២ របស់លោកជាមួយ ប្រធានាធិបតីដូណាល់ត្រាំ នៅទីក្រុងហាណូយ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ណាមួយកាលពីឆ្នាំមុន។
លោកស្រីក៏បាននិយាយផងដែរថា ភាពខុសគ្នាធំបំផុត រវាងលោកបៃដិន និងលោក ដូណាល់ ត្រាំ គឺថាលោកបៃដិន នឹងរៀបចំគោលនយោបាយ របស់លោកតាមរយៈកែវភ្នែកសម្ព័ន្ធភាព និងការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក។
លោកស្រី Stephens បន្ថែមថា “លោក បៃដិន នឹងបញ្ជាក់ពីគោលដៅ នៃការរំសាយអាវុធនុយក្លេអ៊ែរ និង បង្ហាញការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាពការពារជាតិនិងការរាំងស្ទះ។ ទាំងនោះអាចត្រូវបានផ្សំជាមួយការ បញ្ជូនសារកូរ៉េខាងជើង របស់សហរដ្ឋអាមេរិកដើម្បីចាប់ផ្តើមដំណើរ ការការទូតឡើងវិញ ដោយផ្អែកលើសេចក្តីថ្លែងការណ៍ នៅសឹង្ហបុរីនិងប្រកាន់យកវិធីសាស្រ្តបន្ថែម” ៕
ប្រែសម្រួលៈ ណៃ តុលា