ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ នៃគម្រោងបោសម្អាតមីន ដើម្បីពិនិត្យលទ្ធផល ដំណាក់កាល ទី ៤ (CFR-IV) ដែលមានប្រទេសអូស្ត្រាលី និង អង្គការ UNDP ចុះទស្សនកិច្ចប្រតិបត្តិការ បោសសម្អាតមីន របស់អង្គការ Halo Trust ក្រោមគម្រោង CFR-IV និងជួបសំណេះសំណាលជាមួយអ្នក ទទួលផលពីដីបោសសម្អាតមីនរួច។
យោងតាម អាជ្ញាធរ មីន បានបញ្ជាក់ ឲ្យដឹងថា លោក Luke Arnold តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ដល់ក្រុមការងារគម្រោង CFR-lV សម្រាប់ដំណើការគម្រោងកន្លងមក និងអរគុណប្រតិបត្តិករដែល បំពេញការងារប្រកបដោយវិជ្ជាជីវ:។
លោក បាន បន្ថែម ថា អូស្ត្រាលីបានផ្តល់ថវិកាជាង១០០លានដុល្លារអូស្ត្រាលី លើវិស័យបោសសម្អាតមីននៅកម្ពុជា គិតចាប់តាំងពីឆ្នាំ១៩៩៨ ហើយអូស្ត្រាលីសន្យាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យនេះរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន៕