ថៃ៖ ប៉ូលីសថៃ បានប្តេជ្ញាក្នុងការចាត់វិធានការតាមច្បាប់ជាបន្ទាន់ប្រឆាំងនឹងមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលទទួលខុសត្រូវរៀបចំការជួបជុំនៅខាងក្រៅសភា កាលពីថ្ងៃអង្គារដែលបានឈានដល់អំពើហឹង្សា និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥១ នាក់រងរបួស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការព្រមានចាត់វិធានការនេះ បានធ្វើឡើងក្នុងគ្រាដែលស្នងការរងប៉ូលីស (MPB) លោកឧត្តមសេនីយ៍ Piya Tawichai បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយដែលរៀបរាប់ពីប្រតិបត្តិការសន្តិសុខរបស់ប៉ូលីសក្នុងអំឡុងពេលនៃការតវ៉ាកាលពីថ្ងៃអង្គារ។
បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ Piya Tawichai ខណៈដែលក្រុមបាតុករ ៤ ក្រុមបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាមានតែ ៣ ក្រុមប៉ុណ្ណោះដែលមានការអនុញ្ញាតពីប៉ូលីសធ្វើបាតុកម្ម។
លោកបានបន្តថា “ អ្នកដែលមកប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាតជាមុន ត្រូវបានគេចាត់ទុកថាបានប្រមូលផ្តុំដោយខុសច្បាប់” ។
សូមជម្រាបថា កាលពីម៉ោងប្រហែល ១ រសៀលថ្ងៃអង្គារ ក្រុមបាតុករអាវលឿងដែលបានទទួលការអនុញ្ញាតឱ្យធ្វើបាតុកម្មបានដើរដង្ហែតាមដងផ្លូវ Thahan ។ លោកបាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្រោមបដា “បក្សប្រជាជន” បានបំបែករបាំងនៅលើផ្លូវ សាមសែន ក្បែរនោះ ដោយបានបង្ខំឱ្យប៉ូលីសមានប្រតិកម្មដើម្បីរក្សាសណ្តាប់ធ្នាប់៕