ព័ត៌មានជាតិ

ចិនបង្ហាញការជំទាស់ ទំនាក់ទំនងផ្លូវការរវាង អាមេរិកនិងតៃវ៉ាន់

បរទេស៖ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនជំទាស់ទំនាក់ទំនងផ្លូវការគ្រប់រូបភាព ទាំងអស់ រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ហើយនឹងធ្វើការឆ្លើយតបចាំបាច់នានា ចំពោះដំណើរទស្សនកិច្ចណាមួយធ្វើឡើងដោយប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក មកកាន់កោះតៃវ៉ាន់។ 

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក លំដាប់គណៈរដ្ឋមន្ត្រី លោក Andrew Wheeler នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ហើយនេះនឹងជាដំណើរទស្សនកិច្ចលើកទី៣ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីខែសីហាមក បង្កឲ្យមានការខឹងសម្បារពីទីក្រុងប៉េកាំង។

នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសមួយរូប បាននិយាយថា ប្រទេសចិនជំទាស់ប្រឆាំងចំពោះ ទំនាក់ទំនងផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ និងបានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យទទួលស្គាល់ទាំងស្រុង នូវភាពរសើបនៃបញ្ហាកោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង 

To Top