អត្ថបទ

ក្រុមហ៊ុន សាណូហ្វី ដាក់សម្ពោធ អាំងស៊ុយលីន ថ្មី ឈ្មោះថា Toujeo នៅកម្ពុជា

ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ សហការ ជាមួយក្រុមហ៊ុនសាណូហ្វី បានដាក់សម្ពោធជា ផ្លូវការនៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩ នូវផលិតផលឱសថថ្មីមួយ ឈ្មោះថា Toujeo (អាំងស៊ុយលីនក្លាជីន ៣០០ឯកតា/១មល) ដែលជាប្រភេទ អាំងស៊ុយលីន អាណាឡូក បាសាល់ជំនាន់ថ្មី មានសកម្មភាពយូរ ប្រើ១ដងក្នុង១ថ្ងៃ ដែលអាចគ្រប់គ្រងបញ្ចុះជាតិ ស្ករក្នុងឈាមបានល្អ សម្រាប់អ្នកជំងឺ ទឹកនោមផ្អែម ប្រភេទទី១ និង២។

លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យ ទឹកនោមផ្អែម និងក្រពេញកម្ពុជា បានមានប្រសាសន៍ថា “ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃដែល ប៉ះពាល់ប្រជាជនខ្មែរប្រហែល ២៤៦ ២០០នាក់នៅឆ្នាំ២០១៧ ហើយចំនួននៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ។ ជំងឺនេះប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ ប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដូចនេះភាពងាយស្រួល ក្នុងការព្យាបាលពិតជាសំខាន់ណាស់ និងមិនគួរមើលរំលង ពីព្រោះវាអាចជួយ អ្នកជំងឺឲ្យគ្រប់គ្រងស្ថានភាពជំងឺ របស់គាត់បានល្អ”។

ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺទឹក នោមផ្អែមនៅតែសំខាន់ និងជម្រើសដំបូង សម្រាប់អ្នកជំងឺ ទឹកនោមផ្អែមប្រភេទទី២។ ទោះជាយ៉ាង ណាក៏ដោយ ក្នុងពេលណាមួយ អ្នកជំងឺទឹកនោមផ្អែម ជាច្រើននឹងជួប បញ្ហាដែលថ្នាំគ្រាប់ទាំងនេះមិនគ្រប់គ្រាន់ក្នុងការ គ្រប់គ្រងជាតិស្ករក្នុងឈាម ហើយគាត់នឹងត្រូវការប្រើបន្ថែម អាំងស៊ុយលីន ដើម្បីគ្រប់គ្រង ជំងឺទឹកនោមផ្អែម របស់គាត់។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានកិច្ចការវេជ្ជសាស្ត្រនិងបទបញ្ញត្តិរបស់ ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ បានមានប្រសាសន៍ថា “អាំងស៊ុយលីនបាសាល់ គឺជាជម្រើសដ៏ល្អនិងងាយស្រួល បំផុតសម្រាប់អ្នកជំងឺទឹកនោម ផ្អែមដែលត្រូវចាប់ផ្តើមព្យាបាលដោយ អាំងស៊ុយលីន។ ដោយសារ Toujeo ជាអាំងស៊ុយលីនបាសាល់ ដែលមានសកម្មភាពយូរ លើសពី២៤ម៉ោង អាចបំពេញនូវតម្រូវការរបស់អ្នកជំងឺដែល អាចបញ្ចុះជាតិស្ករក្នុងឈាម បានពេញមួយថ្ងៃ។ ការចុះទាបជាតិស្ករក្នុងឈាម ជ្រុល គឺជាកង្វល់ ដ៏ចម្បងក្នុងចំណោម អ្នកប្រើអាំងស៊ុយលីន។ ប៉ុន្តែ Toujeo ត្រូវបានបង្ហាញថា មានប្រសិទ្ធភាព បញ្ចុះជាតិស្ករក្នុងឈាមបានល្អ ព្រមទាំងកាត់បន្ថយហានិភ័យនៃការចុះទាបជាតិស្ករ ក្នុងឈាមជ្រុលទាំងពេល យប់និងពេលថ្ងៃ។ ដូចនេះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាដោយទំនុក ចិត្តនូវអាំងស៊ុយលីនជំនាន់ ថ្មីនេះដល់អ្នកជំងឺរបស់គាត់ ដើម្បីទទួលបាននូវបទពិសោធន៍ ផ្ទាល់”។

Toujeo ត្រូវបាន អនុម័តនិងដាក់សម្ពោធ ដំបូងគេនៅឆ្នាំ២០១៥ នៅប្រទេសអាមេរិក និងដាក់សម្ពោធ ជាបន្តបន្ទាប់ នៅពាសពេញពិភពលោក។ Toujeo ត្រូវបានផលិតឡើង ក្នុងទម្រង់ ជាប៊ិចសូឡូស្តា ដែលមានការ រចនាម៉ូតឡើងវិញ មានភាពសាមញ្ញ និងងាយស្រួលប្រើ (Toujeo SoloStar៖ ៤៥០ឯកតា/១ដើម ប្រៀបធៀបនឹង Lantus SoloStar៖ ៣០០ឯកតា/១ដើម)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top