អត្ថបទ

សែលកាត បានចាប់ដៃគូ សហការ ជាមួយ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា នៅក្នុងការប្រកួត ពានរង្វាន់ ជម្រើសជើងឯក យុវជន ប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គផ្តាច់ព្រ័ត្រ របស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានប្រព្រឹត្តិទៅនា ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការ ជាដៃគូជាមួយ ក្រុមហ៊ុន សែលកាត។

កម្មវិធីនេះ គឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយអភិវឌ្ឍ ក៏ដូចជាស្វែងរកនូវកីឡាករ ដែលមានទេពកោសល្យ នៅក្នុងស្រុក ដើម្បីត្រៀមខ្លួន សម្រាប់ចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងរបស់ខ្លួន។

លោក សៅ សុខា ប្រធានសហព័ន្ធ​ កីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជើញចូលរួម ជាអធិបតីភាព នៅក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ ឱ្យដឹងថា សែលកាត តែងចូលរួមជួយគាំទ្រ ដល់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា តាំងតែពីដើមរៀងមក ដោយក្នុងនោះក្រុមហ៊ុន បានចូលរួមសហការ ដើម្បីស្វែងរកកីឡាករ ដែលមានទេពកោសល្យល្អៗ ក៏ដូចជាចូលរួមលើកទឹកចិត្ត ដល់យុវជននៅទូទាំងប្រទេស ឱ្យប្រកាន់ខ្ជាប់នូវទម្លាប់ រស់នៅដែលសកម្ម ដើម្បីជាប្រយោជន៍ ដល់ផ្នែកសុខភាព របស់ពួកគេផងដែរ។

គំនិតផ្តួចផ្តើម ដែលរៀបចំឡើង នៅទូទាំងប្រទេសនេះ បានដំណើរការ អស់រយៈពេល ៣ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះ យើងនៅតែបន្តជួយលើកកម្ពស់ មោទនភាពជាតិ និងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនទៀត ដល់យុវជនខ្មែរ និងសហគមន៍មូលដ្ឋាន។ យើងសង្ឃឹមថា នឹងបានឃើញប្រទេសកម្ពុជា ទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយទន្ទឹមនឹងនោះ យើងក៏នៅតែប្តេជ្ញាចិត្ត ចូលរួមគាំទ្រ ដល់បុព្វហេតុនេះ ដោយឥតរាថយនោះឡើយ” ។

ក្រុមបាល់ទាត់យុវជន ដែលបានចូលរួម នៅក្នុងការប្រកួត កាលពីចុងសប្តាហ៍ កន្លងទៅនេះ គឺមានក្រុម U16 របស់ខេត្តបន្ទាយមានជ័យ ដែលក្រុមនេះ បានទទួលជ័យជម្នះ លើក្រុម U16 របស់ខេត្តឧត្តរមានជ័យ ពោលគឺដណ្តើម បាននូវតំណែង ចំណាត់ថ្នាក់លេខ ៣ ។ សម្រាប់ជ័យជម្នះ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម ១៦ឆ្នាំ គឺបានទៅលើក្រុម វិសាខា អេហ្វស៊ី បន្ទាប់ពីពួកគេ បានផ្តួលក្រុម នគររាជ អេហ្វេស៊ី Norkor Reach FC ដើម្បីក្លាយជាជើងឯក ប្រចាំឆ្នាំ ២០២០។

រីឯការប្រកួតផ្តាច់ព្រ័ត្រ យុវជនអាយុក្រោម ១៨ឆ្នាំវិញ ក្រុមខេត្តស្ទឹងត្រែង បានទទួលចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយកឈ្នះ លើក្រុមខេត្តក្រចេះ។ សម្រាប់ព្រឹត្តិការណ៍សំខាន់ ក្លឹបភ្នំពេញក្រោន ត្រូវជួបជាមួយនឹងក្រុម វិសាខា នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផលចុងក្រោយ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានទទួលជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ ជម្រើសជើងឯក យុវជនអាយុក្រោម ១៨ឆ្នាំ។

បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់ទៅ ពិធីបិទការប្រកួត ក៏ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព របស់ភ្ញៀវកិត្តិយស ដើម្បីថ្លែងអំណរគុណ ក៏ដូចជាសម្តែងនូវការអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កីឡាករទាំងអស់ ដែលបានចូលរួម នៅក្នុងកម្មវិធី។

ការប្រកួតផ្តាច់ព្រ័ត្រទាំងអស់ ត្រូវបានផ្សាយផ្ទាល់ ទាំងនៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសែលកាត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ទន្ទឹមនឹងនោះ អ្នកគាំទ្រ ក៏អាចទស្សនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ យុវជនអាយុក្រោម ១៨ឆ្នាំ នៅលើកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top