អត្ថបទ

សែលកាត ត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុនមួយ ឋិតក្នុងចំណោម ក្រុមហ៊ុន ដ៏មានតម្លៃបំផុត ទាំង៥០ ប្រចាំឆ្នាំ២០២០

ភ្នំពេញ-ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៖ សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា ត្រូវបានទទួលស្គាល់ ជាថ្មីម្តងទៀត ដោយស្ថាប័នផ្សព្វផ្សាយ ខ្នាតអន្តរជាតិ ថាជាក្រុមហ៊ុនមួយឋិតក្នុង ចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុត ទាំង 50 ប្រចាំឆ្នាំ 2020។

ពានរង្វាន់នេះ ត្រូវបានផ្តល់ជូន ដោយទស្សនាវដ្តី Silicon Review ដែលត្រូវបានទទួលស្គាល់ ជាស្ថាប័នបោះពុម្ពផ្សាយ និងផ្សព្វផ្សាយ តាមអនឡាញ ខ្នាតពិភពលោក ដែលគួរឱ្យទុកចិត្តបំផុត សម្រាប់អ្នកជំនាញ ផ្នែកធុរកិច្ច និងបច្ចេកវិទ្យា។

សហគមន៍អ្នកគាំទ្រ ទូទាំងសកលលោក របស់ទស្សនាវដ្តី Silicon Review រួមមានថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលបំផុត នៅក្នុងវិស័យបច្ចេកវិទ្យា រួមមាន Software, IT Services, Cloud, Big Data, Security និងក្រុមហ៊ុន ទូរគមនាគមន៍ជាច្រើន ទៀតផងដែរ។

តាមរយៈអត្ថបទ ដែលបានចេញផ្សាយ បានកត់សម្គាល់ឱ្យដឹងថា “សែលកាត គឺជាប្រតិបត្តិករ ទូរគមនាគមន៍ ចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ដែលមានបទពិសោធន៍ ត្រួសត្រាយផ្នែកមួយនេះ ដល់ទៅជាង ២០ឆ្នាំ ហើយបច្ចុប្បន្ននេះ សែលកាត គឺជាប្រតិបត្តិករ ធំជាងគេបំផុតមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។

សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវា ទូរគមនាគមន៍ដ៏លឿន និងគួរឱ្យទុកចិត្ត ជាងគេបំផុត នៅកម្ពុជា ដែលធ្លាប់ទទួលបាន នូវពានរង្វាន់ និងការទទួលស្គាល់ ជាអន្តរជាតិជាច្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ល្បឿនបណ្តាញ និងបទពិសោធន៍ លេងហ្គេមតាមអនឡាញ ជាដើម។

គួរឱ្យចាប់អារម្មណ៍បំផុតផងនោះ ពានរង្វាន់ខ្នាតអន្តរជាតិ របស់សែលកាត ដែលទទួលបាន នៅក្នុងឆ្នាំ ២០២០ រួមមានទាំងពានរង្វាន់ “ក្រុមហ៊ុនផ្តល់សេវា បណ្តាញទូរស័ព្ទចល័ត ល្អជាងគេបំផុត” ដែលផ្តល់ជូនដោយទស្សនាវដ្តី The Global Economics។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ធ្លាប់ ទទួលបាននូវពានរង្វាន់ “ក្រុមហ៊ុនផ្តល់បណ្តាញ ទូរស័ព្ទល្អជាងគេបំផុត នៅកម្ពុជាប្រចាំឆ្នាំ 2020” ពីទស្សនាវដ្តី International Business ក៏ដូចជាត្រូវបានចាត់ចូលជា ”ក្រុមហ៊ុនដ៏ទាក់ទាញ ដែលមានតម្លៃបំផុតទាំង 30” ដោយ CIO Bulletin ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក៏មានកិត្តិយសបំផុត ផងដែរ ដែលត្រូវបានទទួលស្គាល់ ជាជ័យលាភី ពានរង្វាន់និយោជិក ល្អជាងគេបំផុត នៅអាស៊ីប្រចាំឆ្នាំ២០២០ របស់សមាជអន្តរជាតិ World HRD Congress។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឱ្យដឹងអំពីការ ទទួលបានពានរង្វាន់ ដ៏មានកិត្យានុភាព ក្នុងពេលថ្មីៗនេះថា៖ “ការទទួលស្គាល់ជាអន្តរជាតិ ដោយស្ថាប័នបោះពុម្ពផ្សាយ ផ្នែកធុរកិច្ច និងបច្ចេកវិទ្យា ឈានមុខគេនេះ គឺជាការឆ្លុះបញ្ចាំង នូវនវានុវត្តន៍ និងជំហរដ៏រឹងមាំ របស់សែលកាត ដែលជាក្រុមហ៊ុន ផ្តល់បណ្តាញទូរគមនាគមន៍ ដ៏ល្អជាងគេបំផុត នៅកម្ពុជា។ យើងតែងខិតខំ យ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើដំណើរឈានមុខគេ លើផ្នែកនវានុវត្តន៍ឌីជីថល ជាមួយគោលបំណង ផ្តល់នូវបណ្តាញទូរស័ព្ទ ចល័តដែលគួរឱ្យទុកចិត្ត និងលឿនជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការទទួលស្គាល់ ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ស្របពេលដែលពួកយើង កំពុងដើរឈានមុខគេ ផ្នែកឌីជីថល សម្រាប់កម្ពុជា និងរក្សាបាននូវភាពនាំមុខ ផ្នែកបណ្តាញដែលផ្តោត ទៅលើល្បឿន គុណភាព និងប្រតិបត្តិការ ប្រកបដោយភាពល្អឥតខ្ចោះ”៕

To Top