អត្ថបទ

ឌីជេ ណាណា និង វី យ៉ារ៉ូ ចូលរួមស្វែងរក ពលរដ្ឋគំរូ

ភ្នំពេញ៖ បុគ្គលដែលមានឈ្មោះ បោះសំឡេង នៅកម្ពុជាពីររូប គឺឌីជេ ណាណា និងពិធីករទូរទស្សន៍ គឺលោក វី យ៉ារ៉ូ កំពុងចូលរួមស្វែងបេក្ខជន ដែលមានសក្តានុពល ដើម្បីក្លាយជាជ័យលាភី ពានរង្វានលរដ្ឋគំរូ Smart។

បុគ្គលដែលមាន ឈ្មោះបោះសំឡេង ទាំងពីររូបនេះ បានជ្រើសតាំងរួចហើយ អ្នកដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អ សម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់ កាលពីខែមុន។ ជ័យលាភីពានរង្វាន់នេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោម ប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលបានជ្រើសតាំងបុគ្គលនានា ដែលបានធ្វើទង្វើល្អ ចំពោះជនរួមជាតិកម្ពុជា របស់ពួកគាត់។

ដោយគិតថា ការបង្កើតពានរង្វាន់នេះ គឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំង លោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង ២ពាន់គីឡូម៉ែត្រនៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់ សម្រាប់មន្ទីរពេទ្យកុមារអង្គរ។

ឌីជេ ណាណា បានលើកឡើងថា៖ “ខ្ញុំបានជ្រើសតាំង សាយ បន្ទាប់ពីគិតចុះឡើងៗ ច្រើនដង ហើយខ្ញុំគិតថា មិនចំឡែកទេភាគច្រើនដឹងហើយ ហេតុអ្វីបានជាខ្ញុំជ្រើសតាំង សាយ។ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្ត របស់គាត់ទេ ព្រោះការដែលគាត់មានចិត្តល្អ នៅសុខៗចង់ទៅរត់ ធ្វើបាបខ្លួនឯង ដើម្បីប្រមូលលុយ ដើម្បីឱ្យកុមារ ខ្ញុំគិតថា អាហ្នឹងជារឿងមួយ ហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។

សាយ បានប្រមូលមូលនិធិជាង ៤៨០.០០០ ដុល្លារ បន្ទាប់ពីគាត់បានរត់ជាង ២.៤០០ គីឡូម៉ែត្រជុំវិញ ២១ខេត្ត ក្នុងរយៈពេល ៩៧ថ្ងៃ។ក្រុមហ៊ុន Smart Axiata បានបរិច្ចាកទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ទៅឱ្យយុទ្ធនាការរបស់ សាយ ដែលបានបញ្ចប់ កាលពីថ្ងៃទី១០ខែមករា។ 

ផ្ទាំងពាណិជ្ជកម្ម

បុគ្គលដែលមានឈ្មោះ បោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូក្នុងចិត្ត របស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូបានជ្រើសតាំង យុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ជួយដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាក។ 

លោក យ៉ារ៉ូ បានលើកឡើងថា៖ «កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយ ដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើង ដោយយុវជនម្នាក់ ដែលមានឈ្មោះថា តាំង ហួងហាវ ដែលគាត់បានរៃអង្គាសប្រាក់ ជាង ៥ ពាន់ដុល្លារ ឯណោះ ដើម្បីជួយដល់អុំៗ អ្នករត់ស៊ីក្លូ និងសមាគមស៊ីក្លូទាំងមូល”។

លោកបានបន្ថែមថា៖ “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអុំៗអ្នករត់ស៊ីក្លូ រយៈពេលវែង គាត់បានស្នើសុំការដាក់ស៊ីក្លូ ក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងកំពុងតែពិចារណា លើសំណើរបស់គាត់ហើយ។ ពិតជាអស្ចារ្យខ្លាំង មែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើសទាំងគាត់សម្រាប់កម្មវិធី ពានរង្វាន់ពលរដ្ឋគំរូស្មាត”។ 

អ្នករៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស និងប្រកាសបេក្ខជនបេក្ខនារី ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកពួកគេ នឹងមានវត្តមាន នៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើស ដោយគណៈកម្មការ។ ឈ្មោះសមាសភាព របស់គណៈកម្មការ នឹងត្រូវបានប្រកាស ក្នុងពេលឆាប់ៗនេះ។

កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ មានបំណងបង្ហាញ ឱ្យឃើញនូវអំពើចេះជួយ យកអាសារគ្នា របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទង ជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀត នៅក្នុងសហគមន៍របស់ពួកគេ។ 

កាលបរិច្ឆេទ ឈប់ទទួលការជ្រើសតាំង របស់ពានរង្វាន់នេះ ត្រូវបានពន្យាពេល ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២១ ពីថ្ងៃទី២២ ខែមករាឆ្នាំ២០២១៕

To Top