អត្ថបទ

សែលកាត អបអរសាទរ ដល់កីឡាករ ជ័យលាភី នៅក្នុងការប្រកួត កីឡាប្រដាល់គុនខ្មែរ ជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2020

ភ្នំពេញ៖ 02 កុម្ភៈ 2021- ក្រុមហ៊ុនសែលកាត សូមចូលរួមអបអរសាទរ ដល់កីឡាករ ទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួត កីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ 2020 នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន។

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំ សម្រាប់ការប្រកួត ជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុត ក្នុងការជួយគាំទ្រដល់កីឡាករខ្មែរ ស្របពេលដែលពួកគេនឹងក្លាយខ្លួន ជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ 2021 នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានចូលរួមនៅក្នុង ពិធីបើកការប្រកួត កាលពីសប្តាហ៍កន្លងទៅនេះ ហើយក្នុងនោះ លោកក៏បានថ្លែងឱ្យដឹងថា ក្នុងនាមសែលកាត ជាក្រុមហ៊ុនដែលជាមោទនភាព របស់ជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ មានកម្មសិទ្ធិ 100% ជាជាតិខ្មែរតែមួយគត់ មានន័យថា នេះគឺជាការចូលរួមចំណែកមួយ ជួយគាំទ្រដល់កីឡាករគុនខ្មែរ។

កម្មវិធីបញ្ចប់ នៃការប្រកួតកីឡារ ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2021 នៅឯពហុកីឡដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡា នៃកងយោធពលខេមរភូមិន្ទ) ហើយត្រូវបានរៀបចំឡើង ដោយសហព័ន្ធគុនខ្មែរ ក្រោមការណែនាំ របស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការ អូឡាំពិកកម្ពុជា (NOCC)។

កីឡាករចំនួន 106 នាក់ មកពីសមាគមចំនួន 16 បានចូលរួមនៅក្នុងព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ហើយទន្ទឹមនឹងនោះ លោក វ៉ាតសុន បានកត់សម្គាល់ឱ្យដឹងថា៖ “គុនខ្មែរ គឺជាផ្នែកដ៏សំខាន់បំផុតមួយ នៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងកីឡាដ៏រុងរឿង អស្ចារ្យរបស់កម្ពុជា។ ពួកយើងសូមចូលរួម សម្តែងការអបអរសាទរ ដល់អ្នកដែលបានចូលរួមទាំងអស់ ហើយជាការពិតណាស់ កីឡាកររបស់យើង នឹងកាន់បង្ហាញទង់ជាតិខ្មែរ ប្រកបដោយភាពមោទនបំផុត នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមនេះ ជាក់ជាមិនខាន”។

ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំងអស់ ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតជ្រើសរើស ជើងឯកគុនខ្មែរ៖

  • ភុន ពិសិដ្ឋ ក្នុងប្រភេទទំងន់ ៤៥គីឡូក្រាម មកពីសមាគមមហាផ្ទៃ
  • សៀវ សំណាង ក្នុងប្រភេទទំងន់ ៤៨គីឡូក្រាម មកពីសមាគមការពារជាតិ
  • ខាំ ខ្លានាង ក្នុងប្រភេទទំងន់ ៥១គីឡូក្រាម មកពីសមាគមស្វាយរៀង
  • កាន់ ម៉េងហុង ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
  • ប៊ុន គន្ធា ក្នុងប្រភេទទំងន់ ៥៤គីឡូក្រាម មកពីសមាគមមហាផ្ទៃ
  • ឃុន បូរ៉ា ក្នុងប្រភេទទំងន់ ៥៧គីឡូក្រាម មកពីសមាគមការពារជាតិ
  • ប៉ោ ភារិទ្ធ ក្នុងប្រភេទទំងន់ ៦៣គីឡូក្រាម មកពីសមាគមកោះកុង
  • លន បញ្ញា ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាម មកពីសមាគមការពារជាតិ
  • ឡៅ ចន្ទ្រា ក្នុងប្រភេទទំងន់ ៧១គីឡូក្រាម មកពីសមាគមការពារជាតិ

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា រ ហូតដល់ថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2021 ខណៈប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ 2023 ខាងមុខនេះ។

ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានសេចក្តី សោមនស្សរីករាយបំផុត ដែលបានចូលរួមគាំទ្រ ដល់ប្រទេសកម្ពុជា ក៏ដូចជាកីឡាករខ្មែរយើង នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាដ៏អស្ចារ្យនេះ៕

To Top