ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកវិសាលភាពសេវាផ្ញើប្រាក់អន្តរជាតិរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយ Western Union ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ញើប្រាក់ដ៏ល្បីឈ្មោះលំដាប់ពិភពលោក។ សេវាថ្មីនេះកំពុងត្រូវបានផ្តល់ជូនដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក។
ក្រុមហ៊ុន ទ្រូម៉ាន់នី ឥឡូវនេះកំពុងផ្តល់ជូនសេវាទទួលសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយប្រើប្រាស់សេវាផ្ញើប្រាក់អន្តរជាតិរបស់ក្រុមហ៊ុន Western Union។
ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស និងធ្វើដំណើរទៅក្រៅប្រទេស អាចប្រើប្រាស់សេវាផ្ញើប្រាក់ Western Union នៅទូទាំងពិភពលោកដើម្បីផ្ញើប្រាក់មកកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិនៅឯផ្ទះក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារ និងមិត្តភ័ក្តិខ្មែររបស់ពួកគេឥឡូវនេះអាច «ដកប្រាក់» បញ្ញើនេះនៅភ្នាក់ងារទ្រូម៉ាន់នីដែលចូលរួមបម្រើសេវារបស់ Western Union នេះ។
លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្ម ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះគឺជាចំណុចជួយឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ ដោយសារថា ការផ្តល់សេវានេះជាមួយនឹងក្រុមហ៊ុនផ្ញើប្រាក់ដ៏ធំលំដាប់ពិភពលោក នឹងពង្រីកវិសាលភាព និងសេវាកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំងពិភពលោក ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់នៅបរទេស មិនថាពួកគេនៅទីកន្លែងណានោះទេ»។
ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងដាក់ដំណើរការសេវា Western Union ជាមួយភ្នាក់ងារចំនួន ១ពាន់ភ្នាក់ងារដំបូងចាប់ពីថ្ងៃនេះតទៅ ហើយរំពឹងថានឹងដាក់ដំណើរការសេវានេះជាមួយភ្នាក់ងារ ១ពាន់ភ្នាក់ងារផ្សេងទៀតត្រឹមឆ្នាំ២០២៣។
លោក អ៊ាប បូណារ៉ូ បានបន្ថែមថា៖ «យើងរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនូវការប្រើប្រាស់សេវានេះដោយពលករខ្មែរនៅក្នុងប្រទេសថៃ។ ប៉ុន្តែអ្នកដែលធ្វើដំណើរ និងធ្វើការនៅសហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី កូរ៉េ ជប៉ុន និងទីកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក ក៏នឹងអាចទទួលបានប្រយោជន៍ផងដែរពីការដាក់បន្ថែមសេវាថ្មីនេះទៅក្នុងកញ្ចប់សេវាហិរញ្ញវត្ថុរបស់យើងដែរ»។
តាមរយៈការបង្កើតខ្លួនឯងឱ្យក្លាយជាក្រុមហ៊ុនផ្តល់សេវាកាបូបប្រាក់អេឡិចត្រូនិក (E-wallet) ដ៏ពេញនិយមប្រើប្រាស់នៅកម្ពុជា គោលបំណងរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីផ្តល់សេវាដ៏សំខាន់មួយបន្ថែមទៀតដល់អ្នកដែលកំពុងរស់នៅ ធ្វើការ ធ្វើអាជីវកម្ម និងធ្វើដំណើរនៅក្រៅប្រទេស។
លើសពីនេះទៀត ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី ស្ថិតក្នុងតួនាទីដ៏សំខាន់មួយក្នុងការគាំទ្រដល់ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។
លោក អ៊ាប បូណារ៉ូ បានឱ្យដឹងទៀតថា៖ «យើងចង់ធ្វើឱ្យការផ្ញើប្រាក់ទៅផ្ទះមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបាន។ នេះគឺជាមូលហេតុដែលយើងបន្តសម្លឹងឆ្ពោះទៅរកការធ្វើឱ្យដំណើរការនិងនីតិវិធីមានភាពសាមញ្ញ»។
ផ្អែកលើបទពិសោធកន្លងមកក្នុងការផ្តល់ជូនសេវាបែបនេះនៅទូទាំងតំបន់អាស៊ី ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថានឹងមានការប្រើប្រាស់សេវាថ្មីនេះច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិខាងមុខ ដូចជាបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាច្រើន៕
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

