អត្ថបទ

ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិ៤ ប្រកាសពង្រីកខ្លួន ក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ ខណៈថ្ងៃសម្ពោធកាន់តែកៀក

ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួន ក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក មកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវាកម្មម្ហូបអាហារ ដ៏ល្បីមកពីប្រទេសចិន Paradise Dynasty និងក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ពេញនិយមមកពីប្រទេសថៃ Jaspal។ 

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ «អនុស្សារណៈនៃការយោគយល់គ្នាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន និងដៃគូសហការ ដើម្បីនាំយកផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះប្រកបដោយគុណភាពខ្ពស់ ជូនដល់អ្នកប្រើប្រាស់នៅកម្ពុជា។ កិច្ចសហការនាពេលនេះ ក៏បង្ហាញពីការជឿជាក់ និងទំនុកចិត្តរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងដៃគូសហការផងដែរ»។ 

លោកជំទាវ លី សុខឆេងឲ្យដឹងបន្ថែមថា តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំង៤ខាងលើកនឹងបើកសាខាក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាលម៉ល ដែលកំពុងដំណើរការសាងសង់ យ៉ាងសកម្មហើយត្រៀមបើកសាកល្បង នៅពាក់កណ្តាលខែកញ្ញានេះដើម្បីស្វាមគន៍ ដល់សាធារៈជនចូលទស្សនា ដើរកម្សាន្ត និងទិញទំនិញឥតដែនកំណត់។ 

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹក ពិសេសស្ថិតក្នុងគម្រោងលំនៅឋាន ជីប ម៉ុង លែនម៉ាក ២៧១ មានអ្នករស់នៅចំណូលខ្ពស់ជាច្រើន។ លើសពីនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីផ្តល់ជូន ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

លោក Edlan Chua ប្រធាន​នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Paradise Dynasty បានលើកឡើងថា៖ «បន្ទាប់ពីបានទស្សនា និងប្រតិបត្តិការផ្សារទំនើបលំដាប់ពិភពលោកជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍រួចមក យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងស្ងប់ស្ងែងចំពោះគម្រោងវិនិយោគដ៏ធំបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ យើងមានទំនុកចិត្តថា មណ្ឌលផ្សារទំនើបនេះ នឹងក្លាយជានិមិត្តរូបថ្មីសម្រាប់ទីក្រុងភ្នំពេញ និងជាកន្លែងមានសក្តានុពលសម្រាប់ទីផ្សារលក់រាយ។ ក្រុមហ៊ុន Paradise Dynasty មានមោទកភាពក្នុងការក្លាយជា ដៃគូសហការរបស់ មណ្ឌលផ្សារទំនើបដែលនឹងនាំបទពិសោធន៍ថ្មីៗទាក់ទាញសម្រាប់អតិថិជន»។

ក្នុងនោះ តំណាងនៃក្រុមហ៊ុន Jaspal ក៏បានលើកឡើងថា៖ «ប្រទេសកម្ពុជា គឺជាទីផ្សារយុទ្ធសាស្រ្តដ៏សំខាន់មួយ នៃការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Jaspal ហើយយើងមានទំនុកចិត្ត លើភាពជាដៃគូជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែលថានឹងទទួលបានជោគជ័យ»។ 

ចំណែកតំណាងនៃក្រុមហ៊ុន Kohnan និង Samsung ក៏បានបង្ហាញនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ ខ្លាំងចំពោះកិច្ចសហការនេះដែលនឹងជំរុញដល់ការរីកចម្រើនរួមគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមទាក់ទងតាមរយៈ 066 922 888/085 922 888/093 922 888 ឬអ៉ីម៉ែល retailleasing@chipmong.com ឬហ្វ៊េសប៊ុកផេក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall

To Top