អត្ថបទ

ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង CBRE Cambodia ចាប់ដៃគ្នាលើកកម្ពស់ប្រតិបត្តិការ ផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការគ្រប់គ្រង ផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍ចម្រុះ ជាមួយផ្ទៃក្រឡាសំណង់ជាង 200.000ម៉ែត្រការ៉េ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ។

ភាពជាដៃគូរវាងក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ទាំងពីរនេះ គឺសំដៅធានានូវការអនុវត្តល្អបំផុត និងការបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា។

លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា «គោលដៅនៃភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន CBRE Cambodia គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងផ្សារទំនើប ដើម្បីឆ្លើយតប និងសម្រេចនូវការរំពឹងទុក របស់អតិថិជនលើផ្សារទំនើបរបស់យើងខ្ញុំ»។

លោកបានបន្តថា «CBRE Cambodia ជាក្រុមហ៊ុនសេវាអចលនទ្រព្យអន្តរជាតិដំបូងគេ នៅកម្ពុជា និងជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារ ដែលនឹងជួយយើងក្នុងការដោះស្រាយបញ្ហា និងធ្វើឲ្យផ្សារទំនើបយើង កាន់តែមានភាពពេញនិយម តាមរយៈក្រុមការងារ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់»។

លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា «ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយ ដែលទទួលបានពានរង្វាន់ជាច្រើន និងបានកំណត់គោលដៅច្បាស់ ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅកម្ពុជា»។

លោក Lennon បានបន្ថែមថា ភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាការបង្ហាញពីឱកាសដ៏ល្អមួយ សម្រាប់ក្រុមហ៊ុន ក្នុងការពង្រឹងបន្ថែមនូវផលិតផលដ៏ល្អឥតខ្ចោះមួយ នៅក្នុងព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា៕

To Top