Covid-19

របាយការណ៍៖ CIA ជឿជាក់ថា ប្រទេសចិន ព្យាយាមឱ្យអង្គការ សុខភាពពិភពលោក ពន្យាពេល ប្រកាសការព្រមានពីមេរោគឆ្លង

បរទេស៖ CIA គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ លោកខាងលិចទី ២ ដែលចោទប្រកាន់ប្រទេសចិនថា ព្យាយាមលាក់ បាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើង នៃមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សេវាកម្មស៊ើបការណ៍ សហព័ន្ធ ជឿជាក់ថា លោកស៊ីជិនពីង បានប៉ុនប៉ងធ្វើឱ្យពិភពលោក មិនដឹងពីការឆ្លងវីរុស ពីមនុស្សទៅមនុស្ស។ យ៉ាងណាក៏ដោយ ទាំងប្រទេសចិន និងអង្គការសុខភាពពិភពលោក បានបដិសេធ លើការបិទបាំង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍របស់ CIA បានអះអាងថា ប្រទេសចិនបាន ព្យាយាមបញ្ឈប់អង្គការសុខភាពពិភពលោក ពីការចេញសេចក្តីព្រមាន ជាសកលស្តីពីមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា ដែលឱ្យមានការរលាកសួតធ្ងន់ធ្ងរនេះ។

ទោះបីជាការវាយតម្លៃ មិនទាន់ត្រូវបានផ្សព្វផ្សាយក៏ដោយ ក៏មាតិការបស់វា ត្រូវបានបញ្ជាក់ ដោយផ្នែកស៊ើបការណ៍។ វាត្រូវបានគេចោទប្រកាន់ថា ប្រទេសចិនបានគំរាមឈប់ ធ្វើការជាមួយការស៊ើបអង្កេតវីរុសកូរ៉ូណា របស់អង្គការសុខភាពពិភពលោក ប្រសិនបើទីភ្នាក់ងារនេះប្រកាសថា មានការផ្ទុះឡើង នូវភាពអាសន្ន ផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ (PHEIC) ។

អង្គការសុខភាពពិភពលោក បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការពិភាក្សាជាក់លាក់ ជាមួយរដ្ឋជាសមាជិកនោះទេ ប៉ុន្តែបានរក្សា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ Newsweek ថា “ផ្អែកលើអនុសាសន៍របស់ខ្លួន លើផ្នែកវិទ្យាសាស្ត្រ ការអនុវត្តល្អបំផុត ផ្នែកសុខភាពសាធារណៈ ភស្តុតាង ទិន្នន័យ និងដំបូន្មាន របស់អ្នកជំនាញឯករាជ្យ” ។

វាកើតឡើងនៅពេលដែលរដ្ឋបាល ត្រាំ កំពុងចោទប្រកាន់ប្រទេសចិន ពីបទបិទបាំងភាពធ្ងន់ធ្ងរ នៃការផ្ទុះឡើងជំងឺ នៅដំណាក់កាលដំបូងរបស់ខ្លួន – ត្រូវបានគេចោទប្រកាន់ថា បានឆ្លៀតពេលខ្លះសម្រាប់ស្តុកទុក នៅលើការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងការដោះលែងវីរុស ដែលបង្កឱ្យមានអ្នកស្លាប់ ពីមន្ទីរពិសោធន៍មួយនៅទីក្រុង វូហាន ដែលជាមជ្ឈមណ្ឌលនៃ ការរាតត្បាត។ ប្រទេសចិនច្រានចោលការចោទប្រកាន់ និងអះអាងថា ខ្លួនមានតម្លាភាព អំពីវីរុសនេះគ្រប់ពេល។

របាយការណ៍អាល្លឺម៉ង់ ការចោទប្រកាន់របស់ CIA បានឆ្លុះបញ្ចាំង ពីរបាយការណ៍ថ្មីៗនេះ នៅក្នុងទស្សនាវដ្តី Der Spiegel ដែលបានដកស្រង់សំដី ភ្នាក់ងារស៊ើបការណ៍បរទេស របស់ប្រទេសអាល្លឺម៉ង់ថា ប្រធានាធិបតីចិន លោកស៊ីជិនពីង បានដាក់សម្ពាធផ្ទាល់ខ្លួន ទៅលើប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus អោយធ្វើការបង្ក្រាប ទៅលើព័ត៌មានអំពីការផ្ទុះឡើងនេះ។

មានការអះអាងថា នៅក្នុងការសន្ទនាមួយ កាលពីថ្ងៃទី ២១ ខែមករា លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រាប់ លោក Ghebreyesus ឱ្យដកព័ត៌មាន ស្តីពីការចម្លងវីរុសពីមនុស្សទៅមនុស្ស និងពន្យាពេលរាល់ការប្រកាស អំពីរោគរាតត្បាត។ មន្ត្រី CIA ដែលបាននិយាយទៅកាន់សារព័ត៌មាន Newsweek មិនបាននិយាយថា តើពួកគេសង្ស័យថា លោកស៊ី បានព្យាយាមដាក់សម្ពាធ អង្គការសុខភាពពិភពលោកដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top