Covid-19

អ៊ីរ៉ង់ ចាប់ផ្ដើមជំទាស់នឹងការធ្វើនយោបាយ លើការតាមដានប្រភពដើម នៃជំងឺកូវីដ-១៩ (Video)

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងនយោបាយក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលទំនងជាផ្ដោតសំខាន់លើមហាអំណាចអាមេរិក និងដៃគូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានលោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានលើកឡើងថា វាជារឿងអកុសល ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងធ្វើនយោបាយអំពីមេរោគនេះ។

លោក Khatibzadeh បានលើកឡើងថា“ អ្វីដែលអាក្រក់បំផុតអំពីវីរុសកូរ៉ូណា គឺការធ្វើនយោបាយលើដើមកំណើតនៃវីរុស និងវិមាត្រផ្សេងៗរបស់វា។

អ្នកនាំពាក្យរូបនេះបានជំរុញឱ្យបស្ចិមប្រទេសទាំងនោះ បញ្ឈប់ការអនុវត្តន៍ ដែលមាននិន្នាការនយោបាយ ហើយធ្វើសកម្មភាពដោយការទទួលខុសត្រូវ ដើម្បីប្រាកដថាមនុស្សគ្រប់រូបនៅលើពិភពលោក មានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងជួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

ដោយ ឈូក បូរ៉ា

To Top