Covid-19

អាជ្ញាធរភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ដូសទី៤ ដល់មន្ត្រីរាជការ-បុគ្គលិកខ្លួន ពីថ្ងៃ១៤ មករា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាល ជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ ។

យោងតាមសេចក្តីជូនដំណឹង ផ្សព្វផ្សាយនៅថ្ងៃទី១២ មករានេះ បានឲ្យដឹងថា “ក្នុងគោលបំណងធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ ជាពិសេសការខិតខំខ្នះខ្នែង ស្វែងរកវ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងការដាក់ចេញវិធានការជំរុញ និងបង្កើតល្បឿន ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន” ។

ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ច ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) និងអនុវត្តតាមអនុសាសន៍ សម្តេចតេជោ អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ៕

To Top