កម្សាន្ត

OPPO គ្រោងវិនិយោគ ទឹកប្រាក់ 7 កោដិដុល្លារ អាមេរិក ក្នុងការបង្កើត និងអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ី 5G & 6G

ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ “ភាពច្នៃប្រឌិតឥតព្រំដែន” ត្រូវបានប្រារព្ធឡើងជាផ្លូវការ នៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។

ដំបូង OPPO បានពន្យល់អំពីគម្រោងវិធានការ របស់ខ្លួន នាយុគសម័យសមាហរណកម្មនៃបណ្តាញទំនាក់ទំនង ដ៏ឆ្លាតវៃ បន្ទាប់មក ក៏បានបង្ហាញ នូវផលិតផល ទំនើបៗ ជាច្រើន រួមមាន នាឡិកាឆ្លាតវៃ (Smart Watch), កាសឆ្លាតវៃ (Smart headphones), 5G CPE, និង វ៉ែនតា AR ដែលបំពាក់មកជាមួយនូវ Flash Charging បច្ចេកវិទ្យា 5G -ល-។

នៅក្នុងអង្គប្រជុំ លោក Tony Chen ដែលជានាយកប្រតិបត្តិ និង ស្ថាបនិក ក្រុមហ៊ុន OPPO បានថ្លែងថា “ខណៈបច្ចេកវិទ្យា 5G និង AI កាន់តែរីកចម្រើន បណ្តាញទំនាក់ទំនង ដ៏ឆ្លាតវៃ ក៏កើនឡើងដល់ចំណុចនោះ ផងដែរ។ យើងជឿជាក់ថា ផ្នត់គំនិតនៃបណ្តាញតភ្ជាប់ គឺគ្រាន់តែជាមូលដ្ឋានគ្រឹះ នៃការរួមបញ្ចូលគ្នា និង ធ្វើសមាហរណកម្ម នាថ្ងៃអនាគតប៉ុណ្ណោះ។ គំនិតនៃបណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃ ឋិតនៅលើ បួនផ្នែកសំខាន់ៗ ដូចជា ការរួមបញ្ចូល បច្ចេកវិទ្យា និង សេវាកម្ម, ការធ្វើសមាហរណកម្មអង្គភាព, ការរួមបញ្ចូល វប្បធម៌ និង បច្ចេកវិទ្យា, សិល្បៈនិងមនុស្សជាតិ”។

លោក Chen បន្ថែមថា៖ “OPPO មិនមែនគ្រាន់តែជាក្រុមហ៊ុន ផលិតទូរស័ព្ទចល័ត ប៉ុណ្ណោះទេ! តាមពិត ស្មាតហ្វូនគ្រាន់តែ ជាគន្លឹះដ៏ងាយស្រួល សម្រាប់ OPPO បង្ហាញនូវសេវាកម្ម និង បច្ចេកវិទ្យាចំរុះ។ មិនថាតែ OPPO សូម្បីតែ ឩស្សាហកម្មស្មាតហ្វូន ទាំងមូល ក៏គ្មានក្រុមហ៊ុនណា ផ្តោតតែលើ ស្មាតហ្វូនមួយមុខទេ!” យុទ្ធសាស្ត្រសំខាន់បី សម្រាប់យុគសម័យបណ្តាញទំនាក់ទំនងឆ្លាតវៃ។

លោក Chen បានប្រកាសថា សម្រាប់រយៈពេល៣ឆ្នាំ ខាងមុខ OPPO ត្រៀម ទឹកប្រាក់ចំនួន 7 កោដិដុល្លារអាមេរិក វិនិយោគ លើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R&D ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាទាំង Hardware និង Software និង ប្រព័ន្ធ 5G/6G, AI, AR, តំបន់ផ្ទុកទិន្នន័យធំៗ និង បច្ចេកវិទ្យា ឈានមុខដទៃទៀត។

ដើម្បីក្តោបយកឱកាស បច្ចេកវិទ្យា 5G, OPPO មានគម្រោងអនុវត្តន៍ យុទ្ធសាស្ត្រ3ចំណុច ដោយជំហានដំបូង ក្រុមហ៊ុននិងចាប់ផ្តើមប្តេជ្ញាអភិវឌ្ឍន៍ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្នូល R&D ឆ្ពោះទៅកាន់ បច្ចេកវិទ្យាឈានមុខលំដាប់ ពិភពលោក។ ចំណុចទី2 OPPO នឹងបង្កើត ប្រព័ន្ធបច្ចេកវិទ្យាអេកូឡូស៊ី សម្រាប់ផលិតផលឆ្លាតវៃ ជាមួយនឹងស្មាតហ្វូនគឺជាគន្លឹះចាំបាច់។ ចំណុចចុងក្រោយ OPPO នឹងបន្តគិតលើសេវាកម្មសម្រាប់អ្នកប្រើប្រាស់, និងនាំមកនូវមាតិកានិងសេវាកម្មកាន់តែ ច្រើននិងប្រសើរដល់អតិថិជន។

ការបង្កើត ប្រព័ន្ធសមាហរណកម្មបច្ចេកវិទ្យា ដើម្បីផ្តល់នូវបទពិសោធន៍ បច្ចេកវិទ្យា 5G ដ៏អស្ចារ្យ។

លោក Levin Liu នាយកវិទ្យាស្ថាន សិក្សាស្រាវជ្រាវ និង ជាអនុប្រធាន ក្រុមហ៊ុន OPPO បានមានប្រសាសន៍ថា“ ចំពោះមុខយុគសម័យ បច្ចេកវិទ្យា 5G, OPPO នឹងឈរនៅជួរមុខគេ ក្នុងការបង្កើតបច្ចេកវិទ្យា 2.0 ដែលជា បច្ចេកវិទ្យាឈានមុខគេ និងផ្តល់នូវ បទពិសោធន៍ដ៏ថ្មីស្រឡាងដល់អ្នកប្រើប្រាស់។ ខណៈការរួមបញ្ចូលគ្នា រវាង បច្ចេកវិទ្យា និង សេវាកម្ម បានក្លាយជាសក្តានុពល OPPO កំពុងតែបង្កើតនូវ សមាហរណកម្ម ម៉ូឌែលបច្ចេកវិទ្យា ដែលគ្រប់ដណ្តប់លើ 5 វិស័យ រួមមាន សម្ភារៈ, ទិន្នន័យ, កុំព្យូទ័រ, សេវាកម្ម និង សេណារីយ៉ូ។

ក្នុងចំណោមម៉ូឌែលទាំងនោះ បច្ចេកវិទ្យា 5G និង AI ត្រូវបានប្រើ ជាហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពស្នូល ក្នុងបង្កើតផលិតផល បច្ចេកវិទ្យាថ្មឺៗ ផ្តល់នូវបទពិសោធន៍ ពេញលេញនិងសមស្រប។ OPPO អនុវត្តន៍តាម “សេណារីយ៉ូវ័ណ្ឌ3” ដែលគ្របដណ្តប់លើ សេណារីយ៉ូផ្ទាល់ខ្លួន សេណារីយ៉ូបញ្ឈរ និង សេណារីយ៉ូសមាហរណកម្ម។

លោក Liu បានបន្ថែមផងដែរថា ក្រុមហ៊ុន OPPO គ្រៅងនឹង ដាក់លក់នាឡិកាដៃឆ្លាតវៃ កាសឥតខ្សែ និងផលិតផល 5G CPE នៅក្នុងត្រីមាសទី 1 ឆ្នាំ2020 ខាងមុខនេះ ។

ភាពជាដៃគូសម្រាប់ យុគសម័យ បណ្តាញទំនាក់ទំនងឆ្លាតវៃ

ក្នុងសន្និសីទនេះ OPPO និង IHS Markit ដែលជាស្ថាប័នផ្គត់ផ្គង់ ព័ត៌មានសកលឈានមុខគេ បានសហការគ្នា បញ្ចេញនូវសៀវភៅស (The Whitepaper) ក្រោមចំណងជើងថា “បណ្តាញទំនាក់ទំនងឆ្លាតវៃ គឺជាការឈូងចាប់យកឱកាស បច្ចេកវិទ្យា 5G, AI និង Cloud”។ ផ្អែកលើនិន្នាការ និង ការត្រួតពិនិត្យ នៃឩស្សាហកម្ម ក្នុងយុគសម័យបណ្តាញទំនាក់ទំនង ឆ្លាតវៃដោយបច្ចេកវិទ្យា5G, សៀវភៅនេះ (The Whitepaper) បានឆ្លុះបញ្ចាំងនូវ គោលការណ៍សម្រាប់ការអភិវឌ្ឍន៍ឆ្លាតវៃ និង សមាហរណកម្មប្រព័ន្ធអេកូឡូស៊ី។

លើសពីនេះ OPPO ក៏បានរៀបចំវេទិកា ក្រោមប្រធានបទ “សមាហរណកម្មបច្ចេកវិទ្យា 5G សកល សម្រាប់អនាគតកាល” ដែលដឹកនាំដោយអ្នកជំនាញៗ រួមមាន លោក Henry Tang ប្រធានអ្នកវិទ្យាសាស្ត្រ 5G របស់ OPPO , លោក Wu Xiaobo អ្នកនិពន្ធហិរញ្ញវត្ថុដ៏ល្បីល្បាញ និងជាស្ថាបនិកនៃវប្បធម៌កែច្នៃ Hangzhou Bajiuling និង មជ្ឈមណ្ឌលបោះពុម្ពហិរញ្ញវត្ថុ Lanshizi, លោក Tom Morrod នាយកប្រតិបត្តិនៃក្រុមហ៊ុន IHS Markit, លោក Wei Qing ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Microsoft (ចិន) និងជាសាស្រ្តាចារ្យពិសេសនៃសាកលវិទ្យាល័យ Peking, លោក Chen Baoquan នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលស្រាវជ្រាវកុំព្យូទ័រជួរមុខ និងអ្នកជំនាញខាង ឧស្សាហកម្មនិងជាអ្នកប្រាជ្ញ, និង លោក Wu Sheng ស្ថាបនិកនៃ Scene Lab បានចូលរួមចែករំលែក និងផ្លាស់ប្តូរគំនិត សម្រាប់សមាហរណកម្ម បច្ចេកវិទ្យា 5G ។

ការយល់ដឹងស៊ីជម្រៅ អំពីនិន្នាការ សមាហរណកម្ម តំណភ្ជាប់ដ៏ឆ្លាតវៃ និង គម្រោងអភិវឌ្ឍន៍ផែនការ បច្ចេកវិទ្យាផ្ទាល់ខ្លួន ក្រុមហ៊ុន OPPO បានប្តេជ្ញា បន្តផ្តោតលើ ការផលិតនូវបច្ចេកវិទ្យាថ្មីៗ។

គោលដៅស្នូល គឺការអភិវឌ្ឍន៍យូរអង្វែង លើជំនួញឩបករណ៍ឆ្លាតវៃ និង ផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាឈានមុខ ដល់អតិថិជនរបស់ OPPO។

លោក Chen បានលើកឡើងថា OPPO នឹងបន្តប្រកាន់ខ្ជាប់ នូវគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ហើយកំពុង ដុតដៃដុតជើង ធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយដៃគូឩស្សាហកម្មផ្សេងៗ ជាចង្វាក់ផលិតកម្ម ក្នុងការបើក ផ្លូវសម្រាប់ធ្វើ សមាហរណកម្ម ដ៏ឆ្លាតវៃនា ថ្ងៃអនាគតកាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top