កម្សាន្ត

អេតមីន ជីង ចក់ ធ្លាប់វាយប្រពន្ធ និងគំរាមសម្លាប់ ពេលនេះអ្នកនាង ទ្រិញ ផល្លា ប្រកាសឱ្យប៉ូលិសតាមចាប់ខ្លួន

ភ្នំពេញ ៖ អតីតតារាម៉ូឌែល និងជាអ្នកលក់ផលិតតាម Online កំពុងមានប្រជាប្រិយភាពគឺអ្នកនាង ទ្រិញ ផល្លា នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ បានធ្វើឱ្យមហាជននិយមលេង បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយពេលនាងបានប្រកាសប្ដឹង សម្ថតកិច្ចតាមចាប់ខ្លួនប្ដី របស់នាងគឺលោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ ដែលកំពុងរត់គេចទៅខេត្តពោធិ៍សាត់ ហើយថែមទាំងផ្ដល់រង្វាន់លើកទឹកចិត្តជាប្រាក់ ១ម៉ឺនដុល្លារ ប្រសិនបើចាប់ខ្លួនបាន ។

អ្នកនាង ទ្រិញ ផល្លា ត្បិតតែពេលនេះពុំបាននិយាយវែងឆ្ងាយពីមូលហេតុអ្វី ដែលបណ្ដាលឱ្យនាងខឹងក្រោធខ្លាំង ដល់ថ្នាក់ប្ដឹងប៉ូលិសឱ្យតាមចាប់ខ្លួន អេតមីន ជីងចក់ ប៉ុន្តែបើតាមការបង្ហើបរបស់នាងនៅក្នុងប្រអប់បញ្ចេញមតិ (Comment) គឺអាចកាត់យល់បានថា ទំនងជារឿងពូ ចក់ ដួចមានស្រីខាងក្រៅ ព្រោះអ្នកនាង ទ្រិញ ផល្លា បាននិយាយថា «វាជារឿងដដែលៗ» ។

ជាមួយគ្នានេះផងដែរ ក្រោយពីបានប្រកាសឱ្យសមត្ថកិច្ច តាមចាប់ខ្លួន អេតមីន ជីង ចក់ ហើយនោះ មុននេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហើបពីរឿងខ្លះដែលអ្នកគាំទ្រ នាងមិនធ្លាប់បានដឹងពីមុន ចំពោះទង្វើប្ដីរបស់នាង ហើយក៏ជាមូលហតុមួយដែលនាំឱ្យនាងខឹងខ្លាំងរហូតដល់ថ្នាក់ ប្រកាសឱ្យប៉ូលិស តាមចាប់ខ្លួនអេតមីន ជីង ចក់ ដើម្បីដោះស្រាយតាមច្បាប់ ។

តាមរយៈសារនៅលើគណនីហ្វេសប៊ុករបស់អតីតតារាម៉ូឌែលសាច់ខ្ចីខាងលើ ដោយបានភ្ជាប់ជាមួយវីដេអូចាស់របស់នាងដែលបានឡាយ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ បានបង្ហាញថា លោក ជឿន ប៊ុនចក់ ហៅ អេតមីន ជីងចក់ ធ្លាប់បានវាយនាង រហូតដល់ថ្នាក់ជិតសន្លប់ ហើយថែមទាំងគំរាម សម្លាប់ទៀតផង ។ ហើយកាលពីព្រឹមមិញនេះ អ្នកនាង ទ្រិញ ផល្លា ក៏បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពប្ដីរបស់នាង បានក្រាបសូមទោសដល់បាតជើង ផងដែរចំពោះទង្វើដែលបានធ្វើដាក់នាងកន្លងមកនេះ ។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ អ្នកនាង ទ្រិញ ផល្លា នាងនៅតែមានគោលជំហរមួយគឺត្រូវតែចាប់ខ្លួនអេតមីន ជីងចក់ ដើម្បីយកមកដោះស្រាយតាមច្បាប់ឱ្យខានតែបាន ។

សូមជម្រាបជូនថា នេះពុំមែនជាលើកទីមួយឡើយ ដែលអ្នកនាង ទ្រិញ ផល្លា ទម្លាយពីបញ្ហាគ្រួសាររបស់នាងឱ្យមហាជនលើបណ្ដាញសង្គមហ្វេសប៊ុក បានដឹង ។ តួយ៉ាងកាលពីប្រមាណជាង ១ខែមុននេះ នាងបានទម្លាយថា ប្ដីរបស់នាងដូចទាក់ទងនារីខាងក្រៅ ចំពេលនាងទៅប្រទេសវៀតណាម ព្យាបាលជំងឺ ។ ហើយពេលនោះនាង ក៏បានសម្រេចចិត្តលែងលះទៀតផង ប៉ុន្តែទីបំផុតគេទាំងពីរនាក់ក៏បានត្រូវរ៉ូវគ្នាវិញ ដោយ អេតមីន ជីង ចក់ ចេញមុខសូមទោសនាងជាសាធារណៈ ៕

ដោយ៖ ម៉ានី

To Top