ស្ថានភាពជំនន់ទឹកភ្លៀង

អាជ្ញាធររាជធានី បន្តនាំយកស្បៀងអាហារ ចែកជូនពលរដ្ឋ ជិត១ពាន់គ្រួសារ រងគ្រោះដោយ ជំនន់ទឹកភ្លៀង ក្នុងសង្កាត់រលួស

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង ១ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងនោះអាជ្ញាធរ រាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់គ្រប់ពេល មិនថាការហូបចុក ការស្នាក់នៅ និងការធ្វើអនាម័យ ដើម្បីសុខភាពល្អប្រសើរនោះទេ តួយ៉ាង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញចែកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង មកពីស្ទឹងព្រែកត្នោត ៨៦៣គ្រួសារ ក្នុងសង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

លោកឃួង ស្រេង មានប្រសាសន៍ថា “សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ។ សម្តេចបានបញ្ជាអោយសង្គ្រោះ ប្រជាពលរដ្ឋ ជាមុនសិន រឿងទ្រព្យសម្បត្តិ ចាំគិតក្រោយ ហើយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវអ្នកការពារ ទ្រព្យសម្បត្តិទាំងនោះ ពោល គឺអ្នកដឹកចេញ បើមិនមានប័ណ្ណសំគាល់ យានយន្តច្បាស់លាស់ទេ គេមិនអនុញ្ញាត អោយដឹកចេញឡើយ” ។

លោកបន្តថា ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយដែរទទួលរង ការលិចលង់ នៅក្នុងរាជធានីភ្នំពេញ។ តែសម្រាប់ប្រជាពលរដ្ឋ រងគ្រោះធ្ងន់ និងមានទឹកជ្រៅជាងគេ គឺប្រជាពលរដ្ឋ នៅខណ្ឌដង្កោនេះឯង ។ លោកក៏បានស្នើអោយបងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បើមានបញ្ហាអ្វីមួយ ចង់អោយមានការជួយសង្គ្រោះ សូមទាក់ទងមកកាន់ អាជ្ញាធរមូលដ្ឋាន ដើម្បីអោយអាជ្ញាធរ បានជួយសង្គ្រោះ ទាន់ពេលវេលា។

គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង មកពីស្ទឹងព្រែកត្នោត នៅសង្កាត់រលួស ខណ្ឌដង្កោរ សម្រាប់ ៨៦៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ ) អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ ១កេសទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ចំនួន៥ម៉ឺនរៀល៕

To Top
×