ព័ត៌មានអន្តរជាតិ

ទីបំផុត កូនប្រុសលោក ថាក់ស៊ីន រួចផុតពីការកាត់ទោស លាងលុយកខ្វក់

បរទេស៖ តុលាការព្រហ្មទណ្ឌកណ្តាល សម្រាប់ករណីអំពើ ពុករលួយ និងការប្រព្រឹត្តខុស របស់ថៃ កាលពីថ្ងៃច័ន្ទ បានលើកលែងទោស លោក Panthongtae Shinawatra ដែលជាកូនប្រុស របស់លោក ថាក់ស៊ីន ពីបទលាងលុយកខ្វក់ ដោយរកឃើញថា លោក Panthongtae មិនបានដឹងពីប្រភព នៃសែកដែលមាន ទឹកប្រាក់ ១០ លានបាត ដែលខ្លួនបានទទួលពីមិត្តម្នាក់ ដែលពាក់ព័ន្ធនឹងរឿង អាស្រូវ ប្រាក់កម្ចីរបស់ធនាគារ Krungthai (KTB) ។

យោងតាមសារព័ត៌មាន បាងកកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ព្រះរាជអាជ្ញាសាធារណៈ បានសួរចម្លើយកូនប្រុស របស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំមុនដោយចោទប្រកាន់ថា មូលប្បទានប័ត្រនេះ ត្រូវបានដកចេញពីប្រាក់កម្ចី ខុសច្បាប់សរុបចំនួន ៩,៩ ពាន់លានបាត ដែលទទួលបានពីធនាគារ KTB ។

យ៉ាងណាក៏ដោយ លោក Panthongtae បានបដិសេធចំពោះ ការលាងលុយនេះ។ លោកបាននិយាយថា ប្រាក់នេះជារបស់មិត្ត របស់លោកឈ្មោះ Ratchada Krisdathanon អាយុ ៥៣ ឆ្នាំ ដែលចង់វិនិយោគ ក្នុងការបណ្តាក់ទុន លើការនាំចូល រថយន្តទំនើប ហើយដែលក្រោយមកត្រូវ បានបោះបង់ចោលវិញ។

ក្នុងអំឡុងពេល ជំនុំជម្រះលោក Panthongtae ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន១លានបាត ដោយស្ថិតក្នុងលក្ខខណ្ឌ​មិនឱ្យចាកចេញ ទៅក្រៅប្រទេស។

តុលាការបានសំរេចថា លោក Panthongtae មិនមានកំហុសក្នុងការ លាងលុយ កខ្វក់នោះទេ ពីព្រោះព្រះរាជអាជ្ញា សាធារណៈ មិនបានបង្ហាញភស្តុតាងថា លោកបានដឹងពី ប្រភពទឹកប្រាក់ ១០លានបាត ដែលលោកបានទទួលពី ឪពុករបស់លោក Ratchada គឺលោក Wichai Krisdathanon ដែលជាម្ចាស់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Krisdamahanakorn (KMC) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top