ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកកណ្តាលទីក្រុង ហ្សាការតា ឥណ្ឌូនេស៊ី របួសមនុស្សម្នាក់

បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើង នៅឧទ្យានវិមាន ជាតិឥណ្ឌូនេស៊ី ដែលមានទីតាំង នៅជិតវិមានប្រធានាធិបតី នៅចំកណ្តាលរដ្ឋធានី ហ្សាការតា របស់ឥណ្ឌូណេស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រធានប៉ូលិសហ្សាការតា លោក Harry Kurniawan បាននិយាយនៅថ្ងៃអង្គារនេះថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីមានការបំផ្ទុះនេះ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Detik របស់ឥណ្ឌូនេស៊ី បានផ្សាយនៅថ្ងៃអង្គារនេះថា ការផ្ទុះនេះបានកើតឡើង នៅវិមានជាតិក្នុងទីលាន Merdeka នៃរដ្ឋធានីហ្សាកាតា។

ទូរទស្សន៍ Kompas ឥណ្ឌូនេស៊ី បានផ្សាយដោយដកស្រង់សំដី អ្នកនាំពាក្យប៉ូលិសជាតិ Argo Yuwono ថា យ៉ាងហោចណាស់មានមនុស្សម្នាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ។ ចំណែកកាសែត Straits Times បានដកស្រង់សំដីប៉ូលិសហ្សាការតាថា បុគ្គលិកសេវាយោធាពីរនាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ។

ក្នុងពេលជាមួយគ្នា នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនប្រភព នៃការផ្ទុះនេះមិនទាន់ដឹង នៅឡើយទេ។ មិនមានព័ត៌មានលំអិត បន្ថែមទៀតភ្លាមៗទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top