ព័ត៌មានអន្តរជាតិ

UN៖ សហរដ្ឋអាមេរិក សុខចិត្តសងបំណុល ដែលមានទឹកប្រាក់ ៥៦៣លានដុល្លារ

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា អង្គការសហប្រជាជាតិ (UN) កំពុងប្រមូលយកបំណុលវិញ ពីសហរដ្ឋអាមេរិក ដោយខ្លួនបានចំណាយប្រាក់ ៥៦៣លានដុល្លារ ដើម្បីបញ្ចប់នូវអ្វី ដែលខ្លួនជំពាក់ តាមកាលកំណត់ច្បាប់កាលពីឆ្នាំមុន និងបានបង់មួយចំណែកសម្រាប់ឆ្នាំនេះ ។ អ្នកនាំពាក្យ បានថ្លែងឲ្យដឹងដូច្នេះ កាលពីថ្ងៃចន្ទ ។

លោក Stephane Dujarric អ្នកនាំពាក្យ អគ្គលេខាធិការអ.ស.ប បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់ថា “សហរដ្ឋអាមេរិក បានសងបំណុលកាលពីឆ្នាំមុន និងមួយចំនួនទៀតនៅឆ្នាំនេះ ដោយចំណាយ ប្រាក់៥៦៣លានដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ” ។

លោកបានប្រាប់ ដល់ទីភ្នាក់ងារស៊ិនហួ បន្ទាប់ពីបញ្ចប់សន្និសីទនេះថា សហរដ្ឋអាមេរិក នៅតែជំពាក់បំណុល ដែលមានទឹកប្រាក់៤៩១លានដុល្លារ សម្រាប់ថវិកាធម្មតាសម្រាប់ឆ្នាំ២០១៩ ។

អ្នកនាំពាក្យរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា សមាជិក១៣៨ នៃរដ្ឋជាសមាជិក១៩៣ របស់អង្គការសហប្រជាជាតិ បានចំណាយប្រាក់ជាទៀងទាត់របស់ខ្លួន សម្រាប់ឆ្នាំ២០១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top