ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងប្រាប់ចិន៖ កិច្ចពិភាក្សាអាមេរិក និងកូរ៉េខាងជើង សំខាន់ជាងអ្វីៗទាំងអស់

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំងថា វាមានសារៈសំខាន់ជាងអ្វីណាៗទាំងអស់ ដែលរក្សាសន្ទុះ សម្រាប់កិច្ចពិភាក្សាចរចាគ្នា រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង។

ចំណែកលោកស្រី កូ មីនជុង ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីសម្តីរបស់លោក ស៊ី ជីនពីង យ៉ាងដូច្នេះថា “ប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង គួរតែប្រមូលផ្តុំកម្លាំងគ្នា ដើម្បីជួយប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យរក្សាសន្ទុះសម្រាប់កិច្ចពិភាក្សាគ្នានោះ” នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Forex TV នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសគាំទ្រផ្នែកការទូត និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់ប្រទេសកូរ៉េខាងជើង ហើយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានលើកឡើងនូវសាររបស់លោក ស្តីពីសារសំខាន់ នៃកិច្ចពិភាក្សាគ្នានោះ ប្រាប់ត្រង់ៗដល់លោកប្រធានាធិបតីចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top