ព័ត៌មានអន្តរជាតិ

អាមេរិកនឹងចាត់ទុក កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ថាជាអង្គការភេរវកម្មបរទេស

បរទេស៖ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក មានគម្រោងចាត់ទុកកងជីវពលអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់ ថាជាអង្គការភេរវកម្មបរទេសមួយ ដោយចោទប្រកាន់ក្រុម Asaib Ahl al-Haq នោះ ថាជាក្រុមស៊ីឈ្នួល ប្រព្រឹត្តអំពើហិង្សារបស់ទីក្រុងតេអេរ៉ង់។

ក្រសួងការបរទេសអាមេរិក និយាយថា ក្រុមជីវពល Asaib Ahl al-Haq គឺត្រូវបានឧបត្ថម្ភផ្ដាច់មុខ និងបង្វឹកបង្ហាត់ដោយកងកម្លាំង Quds Force របស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ ដឹកនាំដោយលោក Soleimani និងបានប្រកាសអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារជាង៦.០០០ ទៅលើសហរដ្ឋអាមេរិក និងកងកម្លាំងសម្ពន្ធមិត្ត ចាប់តាំងពីក្រុមនេះបានបង្កើត នៅក្នុងឆ្នាំ២០០៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា ក្រុមជីវពលនិងមេដឹកនាំក្រុមនេះ ប្រើប្រាស់អំពើហិង្សានិងអំពើភេរវកម្ម ដើម្បីជំរុញបន្ថែមកិច្ចប្រឹងប្រែង របស់របបអ៊ីរ៉ង់ ក្នុងការធ្វើឲ្យអន់ថយ ដល់អធិបតេយ្យភាពអ៊ីរ៉ាក់៕ ប្រែសម្រួល៖ប៉ាង កុង

To Top