ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីចិន ត្រៀមចូលរួមពិធីចុះហត្ថលេខាពាណិជ្ជកម្ម ជាមួយនឹងអាមេរិកសប្តាហ៍ក្រោយ

បរទេស៖នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករានេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ឧបនាយករដ្ឋ មន្រ្តីចិន លោកលីវហេ ដែលជាប្រធានក្រុមចរចារបស់ប្រទេសចិន នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មចិន – អាមេរិក នឹងធ្វើដំណើរទៅដល់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដំណាក់កាលទី១ នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយនេះហើយ។

តាមផែនការលោកលីវ នឹងធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ិនតោន និងបំពេញទស្សនកិច្ចនៅទីនោះរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមករា នេះបើយោងតាមការការអះអាង របស់អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម លោកហ្គៅ ហើយបានបន្តទៀតថា ក្រុមអ្នកចចារទាំងសងខាងកន្លងមក នៅតែបន្តមានទំនាក់ទំនងយ៉ាងកៀកកិតគ្នា ជាពិសេសក្នុងការរៀបចំព្រឹត្តិការណ៍ ចុះហត្ថលេខានេះឡើង។

គួរឲ្យដឹងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ៣១ ខែធ្នូកន្លងមកថា កិច្ចព្រមព្រៀងដំណាក់កាលទី ១ ជាមួយប្រទេសចិន នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ១៥ ខែមករានៅឯសេតវិមាន។ លោក ត្រាំ ក៏បាននិយាយផងដែរថា លោកនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអ្នកតំណាងជាន់ខ្ពស់ នៃប្រទេសចិនផងដែរ ហើយបន្ទាប់មក លោកនឹងធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមពិភាក្សា នៅដំណាក់កាលបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top