ព័ត៌មានអន្តរជាតិ

មន្រ្តីបក្ស៖ វៀតណាមតែងតែ គាំទ្រវិនិយោគិនអាមេរិក

ហាណូយ៖ លោក ង្វៀន វ៉ាន់ប៊ិញ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច នៃគណៈកម្មាធិការមជ្ឈឹមបក្ស របស់វៀតណាម បាននិយាយថា វៀតណាមតែងតែគាំទ្រ និងសម្របសម្រួលការវិនិយោគ របស់ក្រុមហ៊ុនអាមេរិក និងសាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) ក្នុងពិធីទទួលស្វាគមន៍ លោក Adam Boehler ប្រធាននាយកប្រតិបត្តិនៃ DFC នៅទីក្រុង ហាណូយ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ង្វៀន វ៉ាន់ប៊ិញ ក៏បាននិយាយសរសើរផងដែរ ពីតួនាទីរបស់ DFC នៅក្នុងគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក និងបានអំពាវនាវ ឱ្យមានការពង្រីកគម្រោងរបស់ខ្លួន នៅវៀតណាម ជាពិសេសលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អាកាសចរណ៍ និងហិរញ្ញវត្ថុ។

មន្ត្រីរូបនោះបានបង្ហាញជំនឿថា អង្គការនេះនឹងធ្វើជាស្ពានមួយ ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសវិនិយោគ និងសក្តានុពលនៅវៀតណាម ជាមួយក្រុមហ៊ុនអាមេរិក និងមូលនិធិវិនិយោគ ហើយការគាំទ្រពី DFC នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់រលកនៃការវិនិយោគ កាន់តែខ្លាំងពីសហរដ្ឋអាមេរិក ចូលទៅវៀតណាម៕ ប្រែសម្រួលៈ ណៃ តុលា

To Top