ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី បង្ហាញក្តីសោកស្តាយ ចំពោះចំណាត់ការ របស់ខ្លួន លើហេតុការណ៍ភ្លើងឆេះព្រៃក្នុងប្រទេស

បរទេស៖ នៅថ្ងៃអាទិត្យទី១២ ខែមករានេះទូរទស្សន៍ BBC បានចេញផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការដោះស្រាយរបស់លោកទៅលើវិបត្តិភ្លើងឆេះព្រៃ ដែលបច្ចុប្បន្ននៅតែកំពុងរាលដាលពាសពេញប្រទេសនៅឡើយនោះ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ នាយករដ្ឋមន្រ្តីបានប្រឈមមុខនឹងការរិះគន់ ដែលកំពុងកើនឡើងជុំវិញការឆ្លើយតប របស់រដ្ឋាភិបាលរបស់គាត់ចំពោះភ្លើងឆេះព្រៃ និងជាពិសេសក៏ដូចជាគោលនយោបាយអាកាសធាតុរបស់រដ្ឋាភិបាល របស់លោកផងដែរ។គួរឲ្យដឹងទៀតដែរថាចាប់តាំងពីខែកញ្ញា ភ្លើងឆេះព្រៃបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់មកហើយ និង បានបំផ្លាញផ្ទះពលរដ្ឋអស់រាប់សិបពាន់ខ្នងផងដែរ។

នៅព្រឹកថ្ងៃអាទិត្យនេះលោក Morrison បានសារភាពថាមានរឿងជាច្រើន ដែលលោកអាចដោះស្រាយបានល្អប្រសើរជាងនេះ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលោក Morrison ត្រូវបានអ្នកស្រុកនាំគ្នាទិះទៀតនៅពេលដែលលោក បានបំពេញទស្សនកិច្ចទៅដល់សហគមន៍រងគ្រោះដោយអគ្គិភ័យ នៅរដ្ឋញូសៅវែល និងវិចតូរីយ៉ាដែលជាកន្លែងដែលមាន អណ្តាតភ្លើងអាក្រក់បំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top