ព័ត៌មានអន្តរជាតិ

បារាំង នឹងបញ្ជូនកងទ័ព ២២០នាក់ ថែមទៀតទៅប្រយុទ្ធ ក្រុមរដ្ឋឥស្លាម ជ្រុលនិយម នៅតំបន់សាហែល

បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃចន្ទ សប្ដាហ៍នេះថា ប្រទេសបារាំង នឹងបញ្ជូនទាហានបន្ថែម២២០នាក់ថែមទៀត ទៅកាន់អាហ្វ្រិកខាងលិច ដើម្បីប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋ ឥស្លាមជ្រុលនិយម ក្រោយព្រមព្រៀងបង្កើតទីបញ្ជាការរួមមួយ ជាមួយប្រទេសនានាក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងភាពបះបោរ កំពុងតែកើនឡើងនៅក្នុងតំបន់ ។

ក្រោយជំនួបកំពូលមួយ ជាមួយនឹងមេដឹកនាំនៃប្រទេសនីហ្សេ ប្រទេសម៉ាលី ប្រទេសម៉ុរីតានី ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសឆាដ លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងគ្មានជម្រើសនោះទេ យើងត្រូវការលទ្ធផល” ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសបារាំងមានកងទ័ព ប្រហែលចំនួន៤.៥០០នាក់ ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងតំបន់នោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top